FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធខេត្តតាកែវ ប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ១៤អដ្ឋិធាតុ ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជា

14-07-2026 14:51

(តាកែវ)៖ អាជ្ញាធខេត្តតាកែវ និងអាជ្ញាធខេត្តអាងយ៉ាងរបស់វៀតណាម នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់ និងទទួលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ដែលពលីកាលពីសង្រ្គាមនៅកម្ពុជា ចំនួន១៤អដ្ឋិធាតុ ដែលបានរុករកឃើញនៅក្នុងខេត្តតាកែវ រយៈពេល១ឆ្នាំ២០២៥កន្លងមក។

លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានថ្លែងថា យោងតាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសវៀតណាមកាលពីឆ្នាំ២០០០ ស្ដីពីការរុករកការគាស់ និងធ្វើមាតុភូមិនិវត្តន៍ នៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតកាលពីសង្គ្រាមនៅកម្ពុជា ភាគីខេត្តតាកែវ និងខេត្តអាងយ៉ាង ឈរលើស្មារតីមិត្តភាពសាមគ្គីភាព ដោយគោរពដែនអធិបតេយ្យភាពគ្នាទៅវិញទៅមក ស្របតាមច្បាប់ និងបទបញ្ញតិប្រទេសនីមួយៗ ក្រុម K៩៣ របស់វៀតណាម សហការជាមួយបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងតាកែវ ដែលជាសេនាធិការឲ្យរដ្ឋបាលខេត្ត ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ក្នុងភូមិសាស្រ្តខេត្តតាកែវ បានសរុបចំនួន៨៣១អដ្ឋិធាតុ ចាប់តាំងពីឆ្នាំ២០០១មក រហូតដល់ពេលបច្ចុប្បន្ននេះ។

លោក ស៊ុត ខុន បានបន្តថា លទ្ធផលដ៏ល្អប្រសើរនេះបានមកពីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងការចូលរួមពីអាជ្ញាធគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធជាពិសេសរវាងខេត្តតាកែវ និងខេត្តអាងយ៉ាង ដែលបានដាក់ចេញនៅផែនការច្បាស់លាស់ និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ស្របតាមអនុសាស្រ្តរបស់ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំង២។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសក្រុម K93 ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតនៅលើទឹកដីកម្ពុជាក្នុងសម័យសង្គ្រាម។ សកម្មភាពដ៏មានតម្លៃនេះ មិនត្រឹមតែជាការបូជាជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញយ៉ាងច្បាស់ ពីមិត្តភាពដ៏ជ្រាលជ្រៅនិងស្មោះត្រង់ រវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ហើយវាជាការចងចាំ និងរំលឹកប្រវត្តិសាស្ត្រ ដែលបង្ហាញពីការចូលរួមចំណែកដ៏សំខាន់ របស់កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងការជួយសង្គ្រោះប្រជាជនកម្ពុជា ឲ្យរួចផុតពីទុក្ខវេទនានៃសង្គ្រាម និងក្នុងការស្តារប្រទេសឡើងវិញផងដែរ។

លោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង បានសម្ដែងអំណរគុណចំពោះអាជ្ញាធខេត្តតាកែវ ដែលបានសហការជាមួយរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ធ្វើមាតុភូមិត្រលប់ទៅស្រុកកំណើតវិញ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅមានអដ្ឋិធាតុមួយចំនួនទៀត នៅមិនទាន់រកឃើញនៅឡើយទេ ដោយជួបបញ្ហាប្រឈមជាច្រើន ដូច្នោះលោកសូមស្នើអាជ្ញាធរខេត្តតាកែវ សហការបន្តស្វែងរកអដ្ឋិធាតុនៅសេសសល់បន្តទៀត៕