សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ក្រុមការងារនាំយកស្បៀង និងអំណោយមនុស្សធម៌ ជូនគ្រួសារងាយរងគ្រោះជិត ៥០០គ្រួសារ នៅខេត្តស្ទឹងត្រែង
14-07-2026 14:49
(ស្ទឹងត្រែង)៖ ស្របតាមទស្សនវិស័យ «មិនទុកឱ្យនរណាម្នាក់រងគ្រោះ ឬឯកោក្នុងគ្រាលំបាក» នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំងក្រុមការងារថ្នាក់កណ្តាល ដឹកនាំដោយលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសំណេះសំណាល និងផ្តល់ជំនួយសង្គ្រោះបន្ទាន់ជូនដល់គ្រួសារងាយរងគ្រោះបំផុតសរុបចំនួន ៤៨៨ គ្រួសារ មកពីស្រុកបុរីអូរស្វាយសែនជ័យ និងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីស្រឡាញ់ និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកស្រីបានសង្កត់ធ្ងន់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់អាទិភាពចម្បងដល់ជនងាយរងគ្រោះគ្រប់ប្រភេទ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តការរស់នៅប្រកបដោយអនាម័យខ្ពស់ ដើម្បីការពារខ្លួនពីជំងឺឆ្លង និងជំងឺមិនឆ្លង។
ពិធីចែកអំណោយនេះត្រូវបានរៀបចំឡើងនៅ ៣ គោលដៅផ្សេងគ្នា រួមមាន៖ នៅសាលាបឋមសិក្សាចំការចេក ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ សម្រាប់ប្រជាពលរដ្ឋ ១៤៨ គ្រួសារ, នៅសាលាសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋ ២១៥ គ្រួសារ និងនៅវត្តសិរីវឌ្ឍនៈសុខារាម (វត្តកាំងម៉េម៉ាយ) សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង សម្រាប់ប្រជាពលរដ្ឋ ១២៣ គ្រួសារ។
អំណោយសម្រាប់ ១ គ្រួសារ រួមមាន៖ អង្ករ ៣០ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ប្រេងឆា ២ ដប, សាប៊ូកក់សក់ ២ ដប, មុង ភួយ សារ៉ុង ក្រមា និងថវិកាឧបត្ថម្ភ ២ ម៉ឺនរៀល។ ក្រៅពីនេះ ក្រុមការងារក៏បាននាំយកទេយ្យទាន និងបច្ច័យទៅវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តសិរីវឌ្ឍនៈសុខារាមផងដែរ។
សកម្មភាពមនុស្សធម៌ដ៏ធំធេងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅទូទាំងប្រទេស៕

















