លោក ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបការងារឆមាសទី១ និងដាក់ទិសដៅត្រៀមឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧
14-07-2026 13:53
(ភ្នំពេញ)៖ លោក ហួត ហាក់ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ នៅទី១២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត ព្រមទាំងដាក់ចេញផែនការសកម្មភាពសំខាន់ៗ សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល៦ខែដើមឆ្នាំ កំណត់បញ្ហាប្រឈម ចំណុចខ្វះខាត និងដាក់ចេញវិធានការអនុវត្តសម្រាប់ឆមាសទី២ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន។
កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានថ្នាក់ស្រុកសរុប ៤៣នាក់។ក្នុងឱកាសនោះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានសហការយ៉ាងសកម្មជាមួយគណៈកម្មាធិការគណបក្សស្រុក និងឃុំ ក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្តាប់ និងប្រមូលសំណូមពរ ដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងចូលរួមអនុវត្តកម្មវិធី និងសកម្មភាពអភិវឌ្ឍមូលដ្ឋានជាបន្តបន្ទាប់។
លោក ហួត ហាក់ បានសង្កត់ធ្ងន់ថា ការងារចុះមូលដ្ឋានត្រូវអនុវត្តជាប្រចាំ ប្រកបដោយការទទួលខុសត្រូវ ភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ក្រុមការងារគ្រប់ថ្នាក់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង រក្សាកិច្ចសហការល្អ និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់ ដើម្បីធានាថា ផែនការដែលបានដាក់ចេញអាចអនុវត្តបានជាក់ស្តែង និងទទួលបានលទ្ធផលតាមការរំពឹងទុក។
ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ លោក ហួត ហាក់ បានផ្តល់អនុសាសន៍ដល់ក្រុមការងារគណបក្សចុះមូលដ្ឋានថ្នាក់ស្រុក និងថ្នាក់ឃុំ ឱ្យសហការជិតស្និទ្ធជាមួយគណៈកម្មាធិការគណបក្សស្រុក និងឃុំ ដោយត្រូវផ្តោតលើការងារសំខាន់ៗដូចខាងក្រោម៖
*ទី១៖ ត្រូវរៀបចំផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ព្រមជាមួយនឹងការដាក់ចេញនូវផែនការអនុវត្តជាក់ស្តែងសម្រាប់មូលដ្ឋានរបស់ខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧។
*ទី២៖ ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានជាប់ជាប្រចាំ, ធ្វើវេទិកាសាធារណៈ ដើម្បីក្តាប់ដតិអារម្មណ៍ ដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានាឱ្យបានទាន់ពេលវេលា, យកចិត្តទុកដាក់លើ ហេដ្ឋារចនាសម្ព័ន្ធ, សេវាសាធារណៈ, នៅពេលមានគ្រោះធម្មជាតិ, ទឹកជំនន់ ព្រមទាំងឧបត្ថម្ភគ្រួសារបក្សដែលមរណភាព, សាកសួរសុខទុក្ខ ពេលមានជំងឺផងដែរ។
ជាមួយគ្នានេះ លោក ហួត ហាក់ បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារបន្តពង្រឹងវិន័យការងារ ប្រកាន់ខ្ជាប់សីលធម៌ ភាពគំរូ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវចេះស្តាប់ សិក្សា និងឆ្លើយតបចំពោះសំណូមពររបស់ប្រជាពលរដ្ឋដោយភាពទន់ភ្លន់ សមរម្យ និងមានប្រសិទ្ធភាព៕











