ជីវិតថ្មីរបស់ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ៖ ពីដីទទេរហូតដល់ដំណាំបន្លែបៃតង ជាមួយនឹងក្តីសង្ឃឹមលើការដោះស្រាយដីធ្លី ជាមួយភាគីថៃ ដោយសន្តិវិធី (Video inside)
14-07-2026 13:19
(បន្ទាយមានជ័យ)៖ លោក ភោគ សុជាតិ អាយ៤៧ឆ្នាំ និងភរិយា អ្នកស្រី អង សុផាត អាយុ ៤៥ឆ្នាំ ដែលជាប្រជាពលរដ្ឋរស់នៅភូមិមន្ទាយមានរិទ្ធ ឃុំគោករមាត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ភៀសសឹក ដោយសារតែសកម្មភាពឈ្លានពានទាំងបំពានច្បាប់របស់យោធាថៃ រាយបន្លាលួស និងព័ទ្ធទូកុងតឺន័រ ក្រោយបទឈប់បាញ់រវាងកងទ័ពទាំងពីរ។
លោក ភោគ សុជាតិ និងភរិយា អ្នកស្រី អង សុផាត ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះផ្សេងទៀត ត្រូវបានផ្លាស់ប្តូរទីលំនៅមកកាន់ភូមិរង់ចាំ តំបន់ភៀសសឹក កាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅ។ ការផ្លាស់ប្តូរនេះបាននាំមកនូវការចាប់ផ្តើមជីវិតថ្មីមួយ ដែលពោរពេញដោយក្តីសង្ឃឹម និងការខិតខំប្រឹងប្រែង។
លោក ភោគ សុជាតិ បានរៀបរាប់ថា នៅពេលមកដល់តំបន់ថ្មីដំបូង ដីនៅទីនេះនៅទទេស្អាត ប៉ុន្តែដោយសារធ្លាប់មានបទពិសោធន៍ដាំដុះដំណាំពីមុនមក លោក និងភរិយាបានសម្រេចចិត្តកាប់គាស់ដីដាំបន្លែទុកសម្រាប់បរិភោគ។ ពីការដាំដុះសម្រាប់ហូបចុកក្នុងគ្រួសារ ការខិតខំប្រឹងប្រែងបានប្រែក្លាយដីទទេរនោះទៅជាចំការបន្លែបៃតង ដែលអាចផ្តល់ទិន្នផលសម្រាប់លក់ដូរដោះស្រាយជីវភាពប្រចាំថ្ងៃបានសមរម្យ។
អ្នកស្រី អង សុផាត បានបង្ហាញពីអារម្មណ៍រីករាយ និងភាពខុសប្លែកពីការរស់នៅកន្លែងចាស់ ដោយសារនៅទីនេះមានផ្ទះមួយខ្នងសម្រាប់គ្រួសារនីមួយៗ ទីធ្លាធំទូលាយ និងសុវត្ថិភាពល្អប្រសើរជាងការរស់នៅក្នុងតង់។ ជីវភាពគ្រួសារក៏បានធូរស្រាលបន្តិចបន្តួច ដោយអាចចិញ្ចឹមកូន និងឲ្យកូនបានទៅរៀននៅថ្នាក់ទី១០។
ទោះបីជាបានមកចាប់ផ្តើមជីវិតថ្មីនៅភូមិរង់ចាំនេះក្តី លោក ភោគ សុជាតិ និងភរិយា នៅតែមានក្តីសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលនឹងជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់នៅតំបន់បឹងត្រកួន ដែលថៃ បានកាន់កាប់កន្លងមកឱ្យបានត្រឡប់មកវិញ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចបបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅតំបន់ព្រំដែន និងបានផ្តល់ឱកាសឱ្យពួកគាត់បានរស់នៅប្រកបដោយភាពងាយស្រួលជាងមុន។ ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅកាន់ផ្ទះ និងដីធ្លីដើមនៅតែជាកម្លាំងចិត្តដ៏ធំធេងសម្រាប់គ្រួសារលោក។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពរយៈពេលយូរអង្វែង និងបន្តដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចានៅក្នុងយន្តការដែលមានស្រាប់រវាងប្រទេសទាំងពីរ។ គោលការណ៍នេះត្រូវបានគាំទ្រដោយប្រទេសជាមិត្តដូចជាចិន ដែលចង់ឃើញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមកិច្ចព្រមព្រៀងដែលមានស្រាប់។
ទោះបីជាមានការរំលោភបំពានមួយចំនួនពីភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចជាករណីចុះវាស់វែងដីធ្លី និងបោះបង្គោលព្រំដីនៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យក៏ដោយក្រសួងការបរទេសកម្ពុជា បានធ្វើការតវ៉ាជំទាស់ជាផ្លូវការ និងយ៉ាងដាច់អហង្ការ។
ក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ក៏បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំលើរដ្ឋាភិបាល ក្នុងការទាមទារទឹកដី និងផ្ទះសម្បែងរបស់ពួកគាត់ពីយោធាថៃមកវិញ តាមផ្លូវច្បាប់។ ការដោះស្រាយជម្លោះតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ គឺជាគន្លឹះដ៏សំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងពីរ និងតំបន់ទាំងមូល។ កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយយុត្តិធម៌ និងនិរន្តរភាពសម្រាប់បញ្ហាព្រំដែននេះ៕







































