FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកឡើងពីតួនាទីសារព័ត៌មាន​​ ក្នុងការនាំរឿងរ៉ាវជាតិឱ្យបានត្រឹមត្រូវ មានសុចរិតភាព និងការទទួលខុសត្រូវ ក្នុងពិធីបើកកិច្ចប្រជុំប្រចាំ​ ឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍

14-07-2026 12:56

(យូណាន-ចិន)៖ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងរបស់លោក​​​​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ក្រោមប្រធានបទ «សម្លឹងឆ្ពោះទៅទិសខាងត្បូង តាមរយៈទស្សនៈនៃទីក្រុង (Looking Southward with Cities as Eyes)» ដែលរៀបចំឡើងនៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ លោក ប្រាក់ ថាវអមិដា បានថ្លែងអំណរគុណចំពោះបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ព្រមទាំងអាជ្ញាធរខេត្តយូណាន ដែលបានរៀបចំកិច្ចប្រជុំប្រកបដោយភាពល្អប្រសើរ និងផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ប្រតិភូកម្ពុជា និងអ្នកចូលរួមទាំងអស់។

លោកបានលើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំនេះ មិនត្រឹមតែជាវេទិកាវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់សម្រាប់ការសន្ទនា ការទូតវប្បធម៌ ការយល់ដឹងទៅវិញទៅមក និងការពង្រឹងមិត្តភាពក្នុងតំបន់។ កិច្ចប្រជុំនេះក៏បង្ហាញពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសារព័ត៌មាន ការតភ្ជាប់រវាងប្រជាជន និងការជំរុញសន្តិភាព ទំនុកចិត្ត និងវិបុលភាពរួមនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។

លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ថា ខេត្តយូណាន ដែលមានទីតាំងភូមិសាស្ត្រសំខាន់ ប្រវត្តិសាស្ត្រយូរអង្វែង និងភាពសម្បូរបែបវប្បធម៌ បានដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់រវាងប្រទេសចិន ជាមួយអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ ចំពោះប្រធានបទ «សម្លឹងឆ្ពោះទៅទិសខាងត្បូង តាមរយៈទស្សនៈនៃទីក្រុង»។ លោកបានគូសបញ្ជាក់ថា ទីក្រុងមិនត្រឹមតែជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែជាសាក្សីរស់នៃវប្បធម៌ នវានុវត្តន៍ ការផ្លាស់ប្តូររវាងប្រជាជន និងក្តីប្រាថ្នារួមរបស់តំបន់សម្រាប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍរួម។

ថ្លែងអំពីប្រធានបទ «តើរឿងល្អជាអ្វី និងតើយើងត្រូវប្រាប់រឿងរ៉ាវជាតិរបស់យើងឱ្យបានល្អដោយរបៀបណា?»,​លោក ប្រាក់ ថាវអមិដា បានលើកឡើងថា ក្នុងយុគសម័យបំលែងឌីជីថល ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត និងលំហព័ត៌មានអន្តរជាតិដ៏សកម្ម «រឿងល្អ» មិនមែនជារឿងដែលគ្រាន់តែទាក់ទាញចំណាប់អារម្មណ៍ ឬរីករាលដាលលឿនលើបណ្តាញសង្គមនោះទេ។ ផ្ទុយទៅវិញ រឿងល្អត្រូវតែជារឿងដែលមានសច្ចភាព មានការទទួលខុសត្រូវ មានអត្ថន័យ ផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ និងឆ្លុះបញ្ចាំងពីជីវិតពិត តម្លៃ និងបំណងប្រាថ្នារបស់ប្រជាជន។

លោកបានបន្ថែមថា សម្រាប់ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ និងសហគមន៍អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ការប្រាប់រឿងរ៉ាវជាតិឱ្យបានល្អ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងសណ្តាប់ធ្នាប់ទំនាក់ទំនងអន្តរជាតិ ដែលមានភាពយុត្តិធម៌ តុល្យភាព និងបរិយាបន្នជាងមុន។

លោក ប្រាក់ ថាវអមិដា បានគូសបញ្ជាក់ថា ប្រទេសកំពុងអភិវឌ្ឍជាច្រើន ជាញឹកញាប់ត្រូវបានបង្ហាញតាមរយៈទស្សនៈពីខាងក្រៅ ដែលមិនអាចឆ្លុះបញ្ចាំងបានពេញលេញពីប្រវត្តិសាស្ត្រ សមិទ្ធផល តម្លៃ និងក្តីប្រាថ្នារបស់ប្រជាជន។ ដូច្នេះ សារព័ត៌មានមានតួនាទីសំខាន់ មិនត្រឹមតែផ្សាយព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តល់បរិបទ រក្សាទុកអង្គចងចាំវប្បធម៌ ជំរុញការយល់ដឹងទៅវិញទៅមក និងនាំយកសំឡេងពិតរបស់ប្រជាជនទៅកាន់តំបន់ និងពិភពលោក។

សម្រាប់កម្ពុជាលោក ប្រាក់ ថាវអមិដា បានលើកឡើងថា រឿងរ៉ាវជាតិដ៏សំខាន់ គឺជារឿងរ៉ាវនៃសន្តិភាព ភាពអត់ធ្មត់ និងការអភិវឌ្ឍ។ វាជារឿងរ៉ាវនៃប្រទេសមួយដែលបានឆ្លងកាត់ការលំបាក ការពារបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងបន្តដំណើរឆ្ពោះទៅមុខ តាមរយៈការកែទម្រង់ ទំនើបកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយការស្ថាបនា។ ជាមួយគ្នានេះលោកបានបញ្ជាក់ពីតួនាទីសំខាន់របស់យុវជនកម្ពុជា ជាពិសេសអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកនវានុវត្តន៍ឌីជីថល ដែលកំពុងប្រើប្រាស់វេទិកាថ្មីៗ ដើម្បីលើកកម្ពស់សច្ចភាព ភាពច្នៃប្រឌិត ការសន្ទនា និងការទទួលខុសត្រូវសង្គម។

លោក ប្រាក់ ថាវអមិដា ប្រាក់ ថាវអមិដា បានបន្តថា ដើម្បីប្រាប់រឿងរ៉ាវជាតិឱ្យបានល្អ ប្រទេសនីមួយៗត្រូវបន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន វិនិយោគលើធនធានមនុស្ស និងទទួលយកនវានុវត្តន៍ឌីជីថលដោយមានការទទួលខុសត្រូវ និងសុចរិតភាព។ អ្នកសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកបង្កើតមាតិកាឌីជីថល ត្រូវតែមានជំនាញក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងការបកស្រាយខុស ដោយប្រើប្រាស់អង្គហេតុដែលមានភាពជឿទុកចិត្ត ប្រើបច្ចេកវិទ្យាប្រកបដោយសីលធម៌ និងផលិតមាតិកាដែលត្រឹមត្រូវ ទាក់ទាញ បរិយាបន្ន និងអាចចូលដល់ទស្សនិកជនគ្រប់ភាសា វប្បធម៌ និងវេទិកា។

លោកក៏បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកវិស័យព័ត៌មាន និងសារព័ត៌មានជាកត្តាជំរុញសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកកម្ពស់ការយល់ដឹងសាធារណៈ ការពង្រឹងឯកភាពជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្របតាមទស្សនៈនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តោតសំខាន់លើការធ្វើទំនើបកម្មវិស័យព័ត៌មាន នវានុវត្តន៍ឌីជីថល សីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសអ្នកសារព័ត៌មានវ័យក្មេង ដែលនឹងក្លាយជាកម្លាំងស្នូលក្នុងការកំណត់អនាគតនៃការប្រាស្រ័យទាក់ទងក្នុងយុគសម័យឌីជីថល។

ក្នុងនាមក្រសួងព័ត៌មានកម្ពុជា លោក ប្រាក់ ថាវអមិដា បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ខេត្តយូណាន និងដៃគូក្នុងតំបន់ ដើម្បីប្រែក្លាយគុណតម្លៃរួមទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរមាតិកា ការផលិតរឿងរ៉ាវរួម ការកសាងសមត្ថភាពឌីជីថល និងការពង្រឹងបណ្តាញវិជ្ជាជីវៈ។

លោកបានបញ្ចប់ដោយបង្ហាញជំនឿថា បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗដែលបានផ្លាស់ប្តូរក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ នឹងចូលរួមយ៉ាងមានអត្ថន័យក្នុងការពង្រឹងសំឡេងរួមរបស់តំបន់។ តាមរយៈសារព័ត៌មានដែលមានសីលធម៌ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ សារព័ត៌មានអាចក្លាយជាស្ពាននៃទំនុកចិត្ត ដែលបម្លែងការអភិវឌ្ឍទៅជាការយល់ដឹងសាធារណៈ បម្លែងវប្បធម៌ទៅជាមិត្តភាព និងបម្លែងកិច្ចសហប្រតិបត្តិការទៅជាសន្តិភាពយូរអង្វែង និងវិបុលភាពរួមសម្រាប់ប្រជាជនក្នុងតំបន់៕