FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧបត្ថម្ភថវិកា ១៨០ លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងឱកាសខួបទី៣៣ ទិវាកងរាជអាវុធហត្ថ

14-07-2026 12:27

(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ អឿន ខួច នាយការិយាល័យគោលនយោបាយ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកថវិកាចំនួន ១៨០ លានរៀល ឧបត្ថម្ភគាំទ្រដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

ការបរិច្ចាគនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី៣៣ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) និងយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងចលនា "១ម៉ឺនរៀល ១ម៉ឺននាក់" ក្នុងគោលបំណងគាំទ្រដល់កិច្ចប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោក មាស សារិត ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងលោកស្រី ឌុច គន្ធា មន្ត្រីអង្គភាពប្រតិបត្តិការនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយទាហាន នាយទាហានរង ពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានចូលរួមយ៉ាងសកម្មក្នុងមូលនិធិនេះ ដើម្បីជួយដល់ការព្យាបាលកុមារកម្ពុជា៕