FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បេក្ខជនបាក់ឌុបឆ្នាំ២០២៦ ប្តេជ្ញាខិតខំប្រឡងយ៉ាងមោះមុត ដោយផ្តោតលើការត្រៀមខ្លួន សុខភាព និងការសិក្សាដោយខ្លួនឯង​ (Video inside)

14-07-2026 11:14

(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ កាន់តែខិតជិតមកដល់ បេក្ខជនមួយចំនួនមកពីវិទ្យាល័យព្រះស៊ីសុវត្ថិ បានបង្ហាញពីការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់ ដោយផ្តោតលើការសិក្សាដោយខ្លួនឯង ការរៀបចំផែនការរៀន ការថែរក្សាសុខភាព និងការពង្រឹងស្មារតី ដើម្បីសម្រេចបានលទ្ធផលល្អក្នុងការប្រឡង។

យុវតី អ៊ុនគុណ ភារ័ត្ន ជាសិស្សថ្នាក់ទី១២ បានឱ្យដឹងថា ទោះបីមានអារម្មណ៍ភ័យបន្តិច ដោយសារការប្រឡងនេះជាការកំណត់ទិសដៅអនាគតក៏ដោយ ហើយក៏បានរៀបចំផែនការសិក្សាច្បាស់លាស់ ដោយបែងចែកពេលវេលារៀនតាមមុខវិជ្ជា និងផ្តោតលើការសិក្សាដោយខ្លួនឯង។ យុវតីរូបនេះជឿជាក់ថា ការយល់ច្បាស់ពីមេរៀន មុននឹងទន្ទេញ និងការរំលឹកមេរៀនជាប្រចាំ គឺជាគន្លឹះសំខាន់ក្នុងការចងចាំបានយូរ។ បន្ទាប់ពីប្រឡងចប់ មានបំណងបន្តការសិក្សាលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (Accounting and Finance)។

ដោយឡែក យុវតី ចាន់ មលនីកា ជាសិស្សថ្នាក់ទី១២ បានលើកឡើងថា ខ្លួនមានអារម្មណ៍រំភើបលាយឡំជាមួយការត្រៀមខ្លួនរួចជាស្រេច។ យុវជនបានបន្ដថា ការផ្តោតលើការគេងឱ្យបានគ្រប់គ្រាន់ ការរៀនតាមកាលវិភាគ ការធ្វើលំហាត់ និងការរំលឹកមេរៀនជាប្រចាំ។

ចំណែក យុវតី ប៉ែន វណ្ណសាធុកា ជាសិស្សថ្នាក់ទី១២ បានចាត់ទុកការប្រឡងបាក់ឌុបថា ជា«សមរភូមិរយៈពេលពីរថ្ងៃ» ដែលជាលទ្ធផលនៃការខិតខំអស់រយៈពេល១២ឆ្នាំ។ យុវជនរូបនេះ ក៏បានបែងចែកពេលវេលាសិក្សាជាពីរវេន ដោយផ្តោតលើមុខវិជ្ជាសង្គមនៅពេលព្រឹក និងមុខវិជ្ជាវិទ្យាសាស្ត្រនៅពេលល្ងាច។ យុវតីបានទទួលស្គាល់ថា មុខវិជ្ជាគណិតវិទ្យាជាបញ្ហាប្រឈម ប៉ុន្តែបានព្យាយាមស្វែងយល់បន្ថែមពី លោកគ្រូ អ្នកគ្រូ និងអនុវត្តលំហាត់ជាប្រចាំ។ បន្ថែមពីនេះ យុវតីក៏បានថ្លែងអំណរគុណចំពោះការលើកទឹកចិត្តពីគ្រួសារ និងលោកគ្រូ អ្នកគ្រូ ដែលជាកម្លាំងចិត្តដ៏សំខាន់ក្នុងការត្រៀមប្រឡង។

រីឯ យុវសិស្ស ប៊ិន ទីងគង់ ជាសិស្សថ្នាក់ទី១២ បានឱ្យដឹងថា ខ្លួនបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡង ដោយងើបពីព្រលឹមដើម្បីរំលឹកមេរៀន សុំបទពិសោធន៍ពីលោកគ្រូអ្នកគ្រូ និងសិស្សជំនាន់មុន ព្រមទាំងអនុវត្តវិញ្ញាសាចាស់ៗ។ យុវសិស្សបានបញ្ជាក់ថា ការអាន ការសរសេរ និងការថតសំឡេងមេរៀនទុកស្តាប់ឡើងវិញ ជាវិធីសាស្ត្រដែលជួយឱ្យចងចាំបានល្អ។

ជាមួយគ្នានេះ បេក្ខជនទាំងអស់បានផ្ញើសារលើកទឹកចិត្តដល់សិស្សថ្នាក់ទី១២ទូទាំងប្រទេស ឱ្យមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួន កុំភ័យស្លន់ស្លោ ថែរក្សាសុខភាពឱ្យបានល្អ ពិនិត្យមេរៀន និងអនុវត្តលំហាត់ឱ្យបានជាប់លាប់ ដើម្បីអាចបង្ហាញសមត្ថភាពបានពេញលេញក្នុងថ្ងៃប្រឡង និងសម្រេចបានលទ្ធផលតាមក្តីប្រាថ្នា។

សូមជម្រាបដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចយកថ្ងៃទី១០ ខែសីហា សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៥-២០២៦។ ចំណែកឯលទ្ធផល នឹងប្រកាសនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦៕