មន្ដ្រីជាន់ខ្ពស់បារាំងបញ្ចប់ទស្សនកិច្ចនៅកម្ពុជា ជាមួយក្ដីរំពឹងក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងការវិនិយោគ រវាងបារាំង-កម្ពុជាកាន់តែល្អប្រសើរ
10-07-2026 22:02
(ភ្នំពេញ)៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ បានបញ្ចប់ការបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម និងការវិនិយោគរវាងបារាំង-កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
តាមរយៈសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នាស្ថានទូតបារាំងប្រចាំកម្ពុជា លោក នីកូឡា ហ្វ័ររីស្យេ បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក និងក្រោយដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅកាន់ប្រទេសបារាំងកាលពីពេលកន្លងទៅនេះ។
លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់ លោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះផងដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី។
បើតាមលោក នីកូឡា ហ្វ័ររីស្យេ, នៅប្រទេសកម្ពុជា លោកបានជួបសម្ដែងការគួរសមជាមួយមន្ដ្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប ក្នុងនោះមានដូចជា លោកស្រី ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម និងលោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ព្រមទាំងតំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ លើសពីនេះ លោកបានលើកឡើងថា បារាំងនឹងនាំយកក្រុមហ៊ុនវិនិយោគជាច្រើនបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកជំរុញការអភិវឌ្ឍ។
សម្រាប់បញ្ហាព្រំដែន លោក នីកូឡា ហ្វ័ររីស្យេ បានបង្ហាញការយល់ឃើញពីការចូលរួមរបស់បារាំងក្នុងការផ្ដល់នូវឯកសារសំខាន់ៗ ដែលមានការពាក់ព័ន្ធក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប៉ុន្ដែបារាំងមិនលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរឡើយ។ ដោយឡែក ចំពោះវិស័យការពារជាតិវិញ លោកបានឲ្យដឹងថា បារាំង-កម្ពុជា នឹងបន្ដកិច្ចប្រតិបត្តិការលើកការងារមួយចំនួនដែលធ្លាប់មានកន្លងមកជាមួយគ្នា៕



