បច្ចុប្បន្នភាពពីព្រំដែននៅតំបន់បឹងត្រកួន ភូមិព្រៃចាន់ ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ទីដែលយោថៃដាក់ទូកុងតឺន័រព័ទ្ធយកផ្ទះពលរដ្ឋខ្មែរខុសច្បាប់ ក្រោយបទឈប់បាញ់ (Video inside)
10-07-2026 16:25
(បន្ទាយមានជ័យ)៖ តំបន់បឹងត្រកួន ស្រុកថ្មពួក, ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្រុកអូរជ្រៅ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ គឺជាទីតាំងក្នុងចំណោមទីតាំងផ្សេងទៀតរបស់កម្ពុជា ដែលរងការឈ្លានពានចូលកាន់កាប់ ដោយខុសច្បាប់ពីសំណាកយោធាថៃ ក្រោយបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការឈ្លានពានដ៏គឃ្លើនរបស់យោធាថៃ មកលើទីតាំងស៉ីវិលកម្ពុជាបានបណ្តាលឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរត់ភៀសខ្លួនចេញពីលំនៅឋាន ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបំផ្លាញ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បទឈប់បាញ់មួយត្រូវបានប្រកាស ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋភៀសសឹកនៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ ដោយសារតែភូមិឋានពលរដ្ឋខ្មែរ ស្លូតត្រង់មួយចំនួនត្រូវយោធាថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដោយរំលោភច្បាប់អន្តរជាតិ។
គួរឱ្យដឹងថា ក្រោយបទឈប់បាញ់ចូលជាធរមាន យោធាថៃបានដាក់ទូកុងតឺន័រចំនួន២០កន្លែង ដែលទូកុងតឺន័រជិត១០០ទូ នៅភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ម្តងហើយម្តងទៀត ដោយមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងឡើយ។ ជាមួយគ្នានេះ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ និងស្នើឱ្យថៃគោរពឱ្យបានពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ គោរពច្បាប់អន្តរជាតិ បូរណភាពទឹកដី និងកិច្ចព្រមព្រៀងនានាដែលមានស្រាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕























