បណ្ឌិត យង់ ពៅ៖ ភាពជាម្ចាស់អារ្យធម៌ខ្មែរ មិនមែនត្រឹមតែទឹកដីមួយចំណែក ឬ៥១ ឬ៦០ទីតាំងនោះទេ គឺទាំងអស់
08-07-2026 18:17
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានលើកឡើងថា ចាប់តាំងពីកកើតរដ្ឋរហូតមកដល់បច្ចុប្បន្ន ថៃជានិច្ចកាលតែងតែបានឈ្លានពានទឹកដីកម្ពុជា ហើយថែមទាំងបានឈ្លានពានមកលើអារ្យធម៌ខ្មែរផងដែរ។
បើតាមលោកបណ្ឌិត យង់ ពៅ ចំណុចជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់អំពីមហិច្ឆតារបស់ថៃ មកលើអារ្យធម៌ខ្មែរបុរាណនោះមានដូចជា ថៃបានបង្កើតនូវពុម្ពអក្សរខ្មែរបុរាណ ដោយអះអាងថានោះគឺជាអក្សរថៃបុរាណដើម្បីបំភ័ន្តសាធារណៈមតិជាតិនិងអន្តរជាតិ, ថៃបានច្បាំងដណ្ដើមយកប្រាសាទបុរាណខ្មែរនៅតាមព្រំដែន ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា, ថៃបានលួចយកនូវបដិមា និងវត្ថុសិល្បៈបុរាណជាច្រើនពីទឹកដីកម្ពុជាទៅរក្សាទុកនៅសារៈមន្ទីររបស់ខ្លួន, ថៃបានលួចសិលាចារឹករាប់ពាន់ផ្ទាំងយកទៅប្រទេសថៃធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងការដែលថៃបានយកវត្ថុប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជាតិខ្មែរតាំងពីបុរាណមកដើម្បីធ្វើសម្អាងថាជាវត្ថុប្រើប្រាស់តាំងពីបុរាណរបស់ខ្លួនជាដើម។
ខណៈដែលថៃ បានស្គាល់ និងទទួលឥទ្ធិពលមរតកវប្បធម៌សម័យអង្គរដ៏រុងរឿងរបស់ខ្មែរសព្វបែបយ៉ាងនោះ ជាតិសាសន៍នេះបាននិងកំពុងតែប្រមែប្រមូលនូវមរតកសិល្បៈនិងវប្បធម៌ខ្មែរជាច្រើនបន្ថែមទៀត ដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួនថា កម្ពុជាមិនមែនជាកម្មសិទ្ធិផ្ដាច់មុខរបស់កម្ពុជានោះឡើយ បើទោះបីជាជនជាតិនេះមានដើមកំណើតដំបូងឡើយនៅតំបន់យូណាន ប្រទេសចិនឯណោះ ពោលគឺមិនជាប់ពាក់ព័ន្ធឈាមជ័រជាមួយនឹងដូនតាខ្មែរឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីអ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើ។
ជាងនេះទៅទៀតលោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា នៅក្រោយការដួលរលំសម័យអង្គរ ពោលគឺសម័យលង្វែក ជនជាតិសៀម ដែលជាដូនតារបស់ជនជាតិថៃបច្ចុប្បន្ន បានប្រមូលយកកេរដំណែលអារ្យធម៌ខ្មែរត្រឹមតែម្ដុំនៅក្រុងលង្វែកតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងសម័យទំនើបនេះ ថៃបានប្រមូលយកអារ្យធម៌ និងវត្ថុសិល្បៈ ក៏ដូចជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗទៀតរបស់ខ្មែរនៅទូទាំងប្រទេស។
បើតាមការសង្កេតរបស់លោកបណ្ឌិត យង់ ពៅ បច្ចុប្បន្នថៃថែមទាំងបានប្រមូលនូវតួអក្សរខ្មែរ រួមទាំងវត្ថុដែលតំណាងឱ្យព្រលឹងខ្មែរផ្សេងទៀត ដែលខ្មែរយើងពេលខ្លះ មិនបានចាប់អារម្មណ៍ថាការណ៍នេះជាគ្រោះថ្នាក់ធំសម្រាប់ជាតិនោះទេ។ ទោះជាយ៉ាងណា លោកបណ្ឌិតបានវាយតម្លៃថា នេះគឺជាសញ្ញាអាសន្នមួយ ព្រោះថៃតែងតែតាំងខ្លួនជាម្ចាស់អារ្យធម៌ខ្មែរ ពិសេសអារ្យធម៌សម័យអង្គរ ហេតុនេះហើយ ទើបគេព្យាយាមប្រមូលទុកនូវភស្តុតាងទាំងឡាយដែលជាព្រលឹងនៃអារ្យធម៌អង្គរ និងព្រលឹងអារ្យធម៌ខ្មែរសម័យផ្សេងៗទៀត ក្នុងពេលដែលខ្មែរមិនបានចាប់អារម្មណ៍ និងពុំសូវឱ្យតម្លៃ ឬធ្វើការចងក្រងឱ្យបានល្អិតល្អន់នៅឡើយ។
ក្នុងនាមជាអ្នកស្រាវជ្រាវប្រវត្តិជម្លោះកម្ពុជា-ថៃ ផងនោះលោកបណ្ឌិត យង់ ពៅ បានមើលឃើញថា នៅថ្ងៃណាមួយ ថៃនឹងប្រកាសថា ខ្លួនគឺជាម្ចាស់ពេញលេញលើអារ្យធម៌ខ្មែរ ដែលការណ៍នេះហើយ ថៃអាចនឹងប្រកាសថា ខ្លួនបានសម្រេចចិត្តធ្វើសង្គ្រាមដណ្ដើមកាន់កាប់ទឹកដីខ្មែរ ក្នុងគោលបំណងដើម្បីការពារអារ្យធម៌ខ្លួន។ នេះគឺជាចំណុចហានិភ័យបំផុត ដែលកម្ពុជាតោងត្រូវតែសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបំផុត មិនអាចព្រងើយកន្ដើយបានឡើយ។
លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានការសិក្សាស្រាវជ្រាវ និងចងក្រងជាច្រើន ក្នុងនោះរួមមាន វចនានុក្រមខ្មែរបុរាណ វចនានុក្រមខ្មែរទំនើប កម្រងចម្លាក់អប្សរា ម៉ូដសក់ និងម៉ូដសម្លៀកបំពាក់នៅតាមចម្លាក់អប្សរាលើជញ្ជាំងប្រាសាទនានា អក្សរខ្មែរបុរាណជាច្រើន ព្រមទាំងមានការសិក្សាផ្សេងៗទៀត។
ទោះជាយ៉ាងណា លោកបណ្ឌិតបានថ្លែងបញ្ជាក់បន្ថែមទៀតថា «យើងចង់បើកចំហឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ក្នុងកម្រិតសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីចងក្រងនូវមរតកវប្បធម៌ ព្រលឹងជាតិ និងអារ្យធម៌ដ៏រុងរឿងរបស់យើងក្នុងសម័យអតីតកាល ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ មានឱកាសសិក្សាឈ្វេងយល់ដឹងឱ្យបានកាន់តែច្រើន និងកាន់តែស៊ីជម្រៅបន្ថែមទៀត»។
លោកបណ្ឌិត យង់ ពៅ បានបង្ហាញក្ដីរំពឹងថា បន្ទាប់ពីមានការជំរុញនិងគាំទ្រការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រកាន់តែស៊ីជម្រៅ គួរតែមានការបោះពុម្ពនិងផ្សព្វផ្សាយជាអន្តរជាតិ ដើម្បីឱ្យអ្នកសិក្សាស្រាវជ្រាវនិងសាធារណៈមតិអន្តរជាតិបានយល់ដឹងនូវអារ្យធម៌ខ្មែរកាន់តែច្បាស់លាស់បន្ថែមទៀត។
ប្រសិនបើយើងមានអារ្យធម៌ដ៏ល្អផូរផង់ហើយ ប៉ុន្តែយើងមិនបានសិក្សាស្រាវជ្រាវស៊ីជម្រៅ និងជំរុញការផ្សព្វផ្សាយនោះទេ នោះអន្តរជាតិនឹងមិនស្គាល់អំពីភាពអស្ចារ្យនៃអារ្យធម៌ខ្មែរឡើយ ហើយខ្មែរជំនាន់ក្រោយក៏ប្រហែលជាមិនបានយល់ដឹងនូវអ្វីដែលជារបស់ដូនតាខ្លួន ឬមានពេលខ្លះបែរជាយល់ខុសឆ្គងថា កេរដំណែលរបស់ដូនតាដែលខ្លួនបានឃើញ ឬខ្មែរផ្សេងទៀតបានប្រើប្រាស់គឺជាការចម្លងពីជាតិសាសន៍ថៃទៅវិញ ដូចជាម៉ូដសម្លៀកបំពាក់ និងម៉ូដសក់ជាដើម។ ប្រសិនបើគេពិនិត្យមើលចម្លាក់នៅប្រាសាទអង្គរវត្ត នោះយើងនឹងឃើញម៉ូដសម្លៀកបំពាក់ និងម៉ូដសក់រាប់ពាន់រាប់ម៉ឺនម៉ូដ ដែលអ្នកស្រាវជ្រាវបរទេសនិងប្រទេសជិតខាងក៏បានយកទៅចងក្រងផងដែរ ប៉ុន្តែខ្មែរយើងដែលពុំបានសិក្សានិងឈ្វេងយល់ឱ្យបានច្បាស់លាស់ បែរជាយល់ថា ម៉ូដនោះខ្មែរចម្លងពីបរទេសទៅវិញ។
ក្នុងនាមអ្នកស្រាវជ្រាវមួយរូបលោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យមានការលើកកម្ពស់ការសិក្សាស្រាវជ្រាវស៊ីជម្រៅ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានយល់ដឹងអំពីប្រវត្តិសាស្ត្រ កេរដំណែលវប្បធម៌ និងអារ្យធម៌ជាតិខ្លួនឱ្យកាន់តែច្បាស់លាស់ បង្កើតនិងបង្កើនមោទកភាពចំពោះមរតកដូនតាខ្លួន និងឈានទៅចូលរួមអភិរក្សថែរក្សា ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងទៅកាន់មនុស្សជុំវិញខ្លួន និងកូនខ្មែរជំនាន់ក្រោយៗទៀត ពិសេសចៀសវាងការភាន់ច្រឡំថាកេរដំណែលទាំងនោះ គឺជារបស់បរទេសជិតខាងដែលគេកំពុងព្យាយាមដណ្ដើមភាពជាម្ចាស់៕
