អភិបាលខេត្តកំពត ជំរុញការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពអតីតយុទ្ធជន និវត្តជន និងគ្រួសារ
08-07-2026 17:12
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ឱ្យបន្តពង្រឹងកិច្ចសហការ និងយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព ជីវភាពរស់នៅ សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន ព្រមទាំងគ្រួសាររបស់ពួកគាត់។ ការណែនាំនេះ គឺតាមរយៈការចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងផ្តល់ការគាំទ្រឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវការគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងភាពកក់ក្តៅ។
ការណែនាំរបស់លោកអភិបាលខេត្ត ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសសមាសភាពលេខាធិការដ្ឋាន និងក្រុមការងារជំនាញ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពត។ លោកបណ្ឌិត ម៉ៅ ធនិន ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ-សង្កាត់ និងមេប៉ុស្តិ៍ ដែលជាអ្នកនៅជិតស្និទ្ធជាមួយអតីតយុទ្ធជន និងនិវត្តជន ត្រូវចុះស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែងដល់ខ្នងផ្ទះរបស់ពួកគាត់ ដើម្បីស្វែងរកបញ្ហាប្រឈម តម្រូវការ សំណូមពរ និងផ្តល់ជំនួយឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានសមាគម តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខ និងតម្រូវការរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដោយមិនទុកពួកគាត់ចោលនោះទេ។ សន្តិភាពដែលបានមកដល់សព្វថ្ងៃនេះ គឺដោយសារមានការចូលរួមពីសំណាក់អតីតយុទ្ធជន និងនិវត្តជន ដែលពួកគាត់សុទ្ធសឹងតែជាអ្នកបានរួមដំណើរតស៊ូ លះបង់សាច់ស្រស់ ឈាមស្រស់ អវយុវៈ ដើម្បីដណ្តើមយកសុខសន្តិភាពជូនជាតិ និងប្រជាជន។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកបានបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការថែទាំ និងជួយឧបត្ថម្ភអតីតយុទ្ធជន និងនិវត្តជននៅទូទាំងខេត្ត។ លោកបានជំរុញឱ្យមន្ត្រីជំនាញ និងគណៈកម្មាធិការសមាគមគ្រប់ថ្នាក់ បន្តពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព ការគាំពារសង្គម និងសិទ្ធិប្រយោជន៍ស្របច្បាប់របស់អតីតយុទ្ធជន និវត្តជន គ្រួសារជនពលី និងគ្រួសារជនមរណៈ។
បច្ចុប្បន្ន ខេត្តកំពតមានអតីតយុទ្ធជន និងគ្រួសារជនពលីសរុប ៥,៦៦៩នាក់ ក្នុងនោះមានសមាជិកសមាគម ៤,៦៥៧នាក់ ខណៈអតីតមន្ត្រីរាជការស៊ីវិលមានចំនួន ២,៤៧៤នាក់។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ សមាជិកសមាគមដែលទទួលមរណភាពមានចំនួន ៧៤នាក់ ហើយក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភជូនគ្រួសារសពបានគ្រប់ចំនួន សរុបទឹកប្រាក់ ២៩៦លានរៀល។ ក្រៅពីនេះ ក៏មានការបំពេញបន្ថែមថវិកាពីសម្ដេចតេជោ ហ៊ុន សែន ជូនគ្រួសារសពចំនួន ៤០ករណី ស្មើនឹង ១៦០លានរៀល ព្រមទាំងសហការជាមួយមូលនិធិជំនួយសង្គម ក្នុងការបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនគ្រួសារសពចំនួន ២៩នាក់ សរុបទឹកប្រាក់ជាង ៤៤៥លានរៀល ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់ភាពកក់ក្តៅដល់អតីតយុទ្ធជន និវត្តជន និងក្រុមគ្រួសាររបស់ពួកគាត់៕


















