លោក អ៊ុច បូររិទ្ធ ប្រាប់គណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ថា ថៃបានបន្តសកម្មភាពជាឯកតោភាគី នៅក្នុងតំបន់ដែលស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា
08-07-2026 16:20
(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងថា កងកម្លាំងថៃ បានបន្តសកម្មភាពរបស់ខ្លួនជាឯកតោភាគីនៅក្នុងតំបន់ដែលស្ថិតក្រោម អធិបតេយ្យភាពរបស់កម្ពុជា។
លោកលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង នៅថ្ងៃអង្គារទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅវិមាន Verre Paul Biya (រដ្ឋសភា)។
នាឱកាសនោះ លោក អ៊ុច បូររិទ្ធ បានសម្តែងនូវក្តីអំណរគុណជាពិសេស ជូនចំពោះ សមាជិក សមាជិកានៃគណៈកម្មការនយោបាយសភាប្រើភាសាបារាំង (APF) ដែលនៅក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការនយោបាយនៅខេត្តសៀមរាប កាលពីខែឧសភាកន្លងទៅ បានឃើញដោយផ្ទាល់ពីទំហំនៃការបំផ្លិចបំផ្លាញ ភស្តុតាងនៃការរំលោភបំពានជាក់ស្តែង និងទុក្ខវេទនារបស់ប្រជាជនភៀសសឹក និងបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដោយអះអាងសាជាថ្មីអំពីសារៈសំខាន់នៃការគោរពអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ កាយវិការប្រកបដោយទំនុកចិត្ត និងការទទួលខុសត្រូវនេះ បានធ្វើឱ្យកម្ពុជាមានសេចក្តីរំភើបយ៉ាងជ្រាលជ្រៅ និងបានជំរុញលើកទឹកចិត្តឱ្យខិតខំស្វែងរកដំណោះស្រាយការវិវាទ តែតាមរយៈមធ្យោបាយសន្តិវិធី ដោយឈរលើស្មារតីសន្ទនា និងការប្តេជ្ញាចិត្តដ៏មុតមាំ។
លោកបានបន្តថា ប្រវត្តិសាស្ត្រនៃប្រទេសជាតិកម្ពុជា បានបង្រៀននូវសច្ចធម៌ដ៏សំខាន់មួយ គឺសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃ មិនអាចខ្វះបាន ប៉ុន្តែងាយរងគ្រោះ ហើយទាមទារឱ្យមានការថែរក្សាយ៉ាងខ្ជាប់ខ្ជួន។ សន្តិភាពកើតចេញពីកិច្ចសន្ទនាប្រកបដោយសុច្ឆន្ទៈ ការអត់ធ្មត់ ការគោរពតាមការប្តេជ្ញាចិត្ត និងការប្រកាន់ខ្ជាប់ដោយមិនរង្គោះរង្គើចំពោះគោលការណ៍នៃច្បាប់អន្តរជាតិ។ ទាំងនេះហើយជាតម្លៃមូលដ្ឋានដែលជាសសរស្តម្ភនៃសហគមន៍ហ្វ្រង់កូហ្វូនរបស់យើង។
នៅក្នុងស្មារតីនៃទំនុកចិត្ត តម្លាភាព និងការទទួលខុសត្រូវនេះហើយ ដែលលោក អ៊ុច បូររិទ្ធ អំពាវនាវជាថ្មីម្តងទៀតសូមឱ្យគណៈកម្មការធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ផ្តល់ការយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភ ដែលនៅតែបន្តកើតមាននៅតាមព្រំដែនភាគខាងលិចរបស់កម្ពុជា។ កម្ពុជាធ្លាប់មានកិត្តិយសលើកយកបញ្ហានេះមកជម្រាបជូនអង្គសភារបស់យើងរួចមកហើយ ហើយសូមសម្ដែងនូវក្តីអណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ស្តាប់ និងការគាំទ្រដ៏មានតម្លៃដែលអង្គសភាបានផ្តល់ជូនកម្ពុជា។
លោកបានបន្តថា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសារកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលក្នុងតំបន់ ប្រទេសកម្ពុជាបានគោរពយ៉ាងពេញលេញនូវរាល់ការប្តេជ្ញាចិត្តដែលខ្លួនបានសន្យា។ កម្ពុជាបានផ្តល់អាទិភាពជាប់ជានិច្ចដល់ការអត់ធ្មត់ កិច្ចសន្ទនា និងការកាត់បន្ថយភាពតានតឹង។
លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា «ជាអកុសល ឆន្ទៈក្នុងការបន្ធូរបន្ថយភាពតានតឹងនេះ ពុំទទួលបានការឆ្លើយតបក្នុងស្មារតីដូចគ្នានោះឡើយ។ ចាប់តាំងពីថ្ងៃបន្ទាប់នៃការចូលជាធរមាននៃបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងថៃបានបន្តសកម្មភាពរបស់ខ្លួនជាឯកតោភាគីនៅក្នុងតំបន់ដែលស្ថិតក្រោម អធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការឈូសឆាយដី ការដំឡើងលួសបន្លា និងកុងតឺន័រ ការឡោមព័ទ្ធភូមិប្រជាពលរដ្ឋស៊ីវិល ការពង្រឹងទីតាំងយោធា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌវប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងការបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀត។ ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ សកម្មភាពទាំងនេះនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ»។
លោកបានបន្ថែមថា សកម្មភាពទាំងនេះមិនអាចចាត់ទុកជាហេតុការណ៍ដាច់ដោយឡែកនោះទេ។ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃនិន្នាការដែលអាចនាំឱ្យមានការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែនជាបន្តបន្ទាប់ មុនពេលមានដំណោះស្រាយចុងក្រោយចំពោះវិវាទព្រំដែន។ សកម្មភាពទាំងនេះផ្ទុយនឹងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ និងការប្តេជ្ញាចិត្តក្នុងការបន្ធូរបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងមិនស្របទៅនឹងក្របខណ្ឌច្បាប់ស្តីពីព្រំដែន ដែលបានកំណត់ដោយអនុសញ្ញា និងសន្ធិសញ្ញា ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដូចដែលត្រូវបានបកស្រាយ និងបញ្ជាក់ដោយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។ តាមរយៈការបង្កើតនូវ «ស្ថានភាពជាក់ស្តែងរួចជាស្រេច» សកម្មភាពទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់បូរណភាពនៃក្របខ័ណ្ឌគតិយុត្តជាធរមាន ហើយកំពុងធ្វើឱ្យខូចខាតដល់លក្ខខណ្ឌនានាសម្រាប់ការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី យុត្តិធម៌ និងប្រកបដោយចីរភាព។
លោក អ៊ុច បូររិទ្ធ បានថ្លែងទៀតថា ក្រៅពីទុក្ខវេទនារបស់ប្រជាជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ដែលត្រូវផ្លាស់ទីលំនៅ និងនៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន កម្ពុជានៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដែលប៉ះពាល់ដល់បេតិកភណ្ឌជាតិរបស់ខ្លួន។ សម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ជាច្រើន ដែលមានតម្លៃដ៏វិសេសវិសាល ស្ថិតនៅលើទឹកដីអធិបតេយ្យរបស់កម្ពុជា និងត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ លើសពីតម្លៃជាតិរបស់ខ្លួន បេតិកភណ្ឌទាំងនេះគឺជាសម្បត្តិបេតិកភណ្ឌរួមរបស់មនុស្សជាតិ ដែលការអភិរក្ស និងការការពារ គឺជាការទទួលខុសត្រូវរួម។
លើសពីនេះទៅទៀត លោកបានឲ្យដឹងថា ការប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា បានបញ្ចប់ក្របខ័ណ្ឌទ្វេភាគី ដែលអស់រយៈពេលជាង២៥ឆ្នាំកន្លងមកនេះ បានផ្តល់លទ្ធភាពឱ្យភាគីទាំងពីរ ធ្វើកិច្ចសន្ទនាប្រកបដោយស្ថាបនាលើបញ្ហាដ៏រសើបនេះ។
លោក អ៊ុច បូររិទ្ធ ក៏បានថ្លែងថា ក្នុងស្មារតីគោរពពេញលេញនូវកាតព្វកិច្ចអន្តរជាតិ កម្ពុជាបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការស្នើសុំនីតិវិធីផ្សះផ្សា ដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះបែរជាត្រូវបានគេយកធ្វើជាលេសដើម្បីផ្អាកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលជាយន្តការមានលក្ខណៈបច្ចេកទេសសុទ្ធសាធ ហើយមិនគួរត្រូវបានភ្ជាប់ទៅនឹងការពិចារណាផ្នែកនយោបាយណាមួយឡើយ។ ទោះបីជាមានការស្នើសុំដ៏ទទូចពីកម្ពុជា ដើម្បីកោះប្រជុំគណៈកម្មការនេះក៏ដោយ ក៏ការងាររបស់គណៈកម្មការមិនអាចចាប់ផ្តើមឡើងវិញបានឡើយ ដែលការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ជាលំដាប់ដល់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្ខូចទំនុកចិត្តទៅវិញទៅមក។ ការវិវឌ្ឍបែបនេះកំពុងជំរុញឱ្យមានការបង្កើត «ស្ថានភាពជាក់ស្តែងរួចជាស្រេច» ដែលផ្ទុយនឹងគោលការណ៍សុចរិតភាពក្នុងការអនុវត្ត ការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។
លោក អ៊ុច បូររិទ្ធ បានឲ្យដឹងដែរថា កម្ពុជាតែងតែបានជ្រើសរើសការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ កិច្ចសន្ទនា និងយន្តការពហុភាគីសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី។ ជម្រើសនេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់យើងថា ការគោរពច្បាប់ដែលរដ្ឋនានាបានទទួលយកដោយសេរី នៅតែជាការធានាដ៏ល្អបំផុតសម្រាប់សន្តិភាពប្រកបដោយចីរភាព និងសន្តិសហវិជ្ជមានរវាងប្រទេសជិតខាង។
«យើងនៅតែមានជំនឿយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តជាប្រចាំរបស់សហគមន៍អន្តរជាតិ និងគ្រួសារដ៏ធំនៃសភាប្រើភាសាបារាំង ក្នុងការគាំទ្រអធិបតេយ្យ បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំងយោធា ភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាការគាំទ្រដ៏សំខាន់ដល់គោលដៅរួមនេះ។ គឺតាមរយៈការគោរពគោលការណ៍ទាំងនេះហើយ ទើបស្ថិរភាពក្នុងតំបន់ ទំនុកចិត្តរវាងរដ្ឋ និងរដ្ឋ និងភាពជឿជាក់នៃសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិអាចត្រូវបានរក្សាការពារ»។ នេះបើតាមលោក អ៊ុច បូររិទ្ធ។
លោកបានបញ្ជាក់ផងដែឬថា ហួសពីស្ថានភាពដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជានៅថ្ងៃនេះ បញ្ហាប្រឈមពិតប្រាកដគឺការរក្សាគោលការណ៍ជាមូលដ្ឋាននៃសណ្តាប់ធ្នាប់អន្តរជាតិ៖ គ្មានព្រំដែនណាមួយអាចត្រូវបានកែប្រែជាឯកតោភាគីដោយប្រើកម្លាំង ឬដោយការបង្កើត «ស្ថានភាពជាក់ស្តែងរួចហើយ» (faits accomplis) នោះឡើយ។ ការការពារគោលការណ៍នេះ គឺដើម្បីការពារសមភាពអធិបតេយ្យរបស់រដ្ឋនានា រក្សាភាពជឿជាក់នៃច្បាប់អន្តរជាតិ និងពង្រឹងគ្រឹះនៃសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង។
ដោយស្មោះត្រង់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការលើកកម្ពស់កិច្ចសន្ទនា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ សភាប្រើភាសាបារាំង (APF) អាចបន្តរួមចំណែកយ៉ាងមានតម្លៃ តាមរយៈការបញ្ជាក់ជាថ្មី និងប្រកបដោយភាពខ្ជាប់ខ្ជួននូវគោលការណ៍ទាំងនេះ ដែលជាស្នូលនៃសហគមន៍តម្លៃរួមរបស់យើង។ មានតែតាមរយៈការរួមសាមគ្គីគ្នាប៉ុណ្ណោះ ទើបយើងអាចការពារ និងថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើនីតិរដ្ឋ យុត្តិធម៌ និងកិច្ចសន្ទនា ដើម្បីបម្រើដល់សន្តិភាពប្រកបដោយចីរភាព៕



