FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្តេជ្ញាចិត្តរបស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ លុបបំបាត់អំពើពុករលួយ បម្រើសេវាប្រកបដោយយុត្តិធម៌ ទទួលបានការសរសើរពីប្រជាពលរដ្ឋ !

08-07-2026 15:27

(ភ្នំពេញ)៖ សំណេរបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ក្នុងការលុបបំបាត់អំពើពុករលួយ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយយុត្តិធម៌ និងនីតិវិធីជាធរមាន ដែលបង្ហោះបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជន។

លោកបានសរសេរថា «ក្រោយពេលទទួលបានកំណែទម្រង់ពីថ្នាក់ជាតិ លើនីតិវិធី ផ្តល់សេវាសាធារណៈតាមបណ្តារាជធានី ខេត្ត លើវិសយ័ដីធ្លី និងតាមការសម្រេចរបស់ក្រសួង ដនស (ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់) លើការបំបាត់អំពើពុករលួយសម្រាប់រាជធានីខេត្ត ខ្ញុំនិងសម្រេចពិនិត្យលើគ្រប់ករណីសំណើរ និងសំណូមពរទាំងអស់ ដល់អ្នកស្នើសុំសេវារដ្ឋបាល ប្រកបដោយយុត្តិធម៌ និងនិតិវិធីជាធរមាន។ 07.7.26 (សម្រាប់ខ្ញុំហ៊ានធ្វើ)»។

សំណេរប្តេជ្ញាចិត្តនេះ ត្រូវបានប្រជាពលរដ្ឋស៊ែរ និង Comments សរសើរលោកប្រធានមន្ទីររូបនេះយ៉ាងខ្លាំង។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមវិស័យឯកជន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដាក់ចេញនូវការបំបាត់អំពើពុករលួយនៅក្នុងក្រសួង ដោយពេលនេះមានមន្ត្រីរបស់ខ្លួន ចេញមកប្តេជ្ញាចិត្ត ដើម្បីបំបាត់នូវអំពើពុករលួយ គឺជារឿងល្អ។

អ្នកឧកញ៉ាបញ្ជាក់ទៀតថា «ការប្តេជ្ញាចិត្តរបស់គាត់ [លោក សារិន វណ្ណា] ជាគំរូល្អ សម្រាប់ក្រសួងស្ថាប័ននានា ដែលមានភាពមិនប្រកតី ធ្វើជាគំរូតាមដើម្បីឱ្យស្មោះត្រង់ និងស្មើភាគគ្នាចំពោះមុខច្បាប់ លុបបំបាត់អំពើពុករលួយក្នុងសង្គមរបស់យើង ឈានដល់ការរកចំណូលឱ្យបានច្រើនជូនជាតិ ដើម្បីកសាងជាតិ ការពារជាតិរបស់យើង»៕