FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅចំពោះមុខអ្នកតំណាង OHCHR, មេសិទ្ធិមនុស្សកម្ពុជា បន្តលាតត្រដាងទង្វើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងររបស់យោធាថៃ មកលើប្រជាជនកម្ពុជា

08-07-2026 11:04

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបន្តលាតត្រដាងយ៉ាងច្បាស់លាស់អំពីទង្វើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់យោធាថៃ មកលើប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ ក្នុងអំឡុងពេលនៃជម្លោះឈ្លានពានទឹកដីកម្ពុជា។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់អំពីសកម្មភាពជាច្រើនរបស់ភាគីថៃ និងស្ថានភាពជាក់ស្ដែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ទង្វើទាំងនោះរួមមាន ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលកំពុងធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងការប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តលាតត្រដាងពីទង្វើដ៏ស្មោគគ្រោករបស់យោធាថៃ ដែលបានប្រព្រឹត្តមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដូចជាករណីរំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃ នៅពេលដែលនាងកំពុងធ្វើដំណើរត្រឡប់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជាវិញ។ ករណីនេះបានឆ្លុះបញ្ចាំងពីការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងអមនុស្សធម៌បំផុត។

មេសិទ្ធិមនុស្សកម្ពុជា ក៏បានគូសបញ្ជាក់បន្ថែមថា យោធាថៃបានបើកការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16 Gripen និង T-50។ ការវាយប្រហារទាំងនេះបានបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងដំណំ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃ និងបានបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។

បន្ថែមពីនេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានឱ្យដឹងថា ភាគីថៃបានព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងតំបន់ឈ្លានពាន។ ពួកគេបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងបានលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។ ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននៅឡើយ ដោយសារតែការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្រៅពីការលើកឡើងអំពីបញ្ហាព្រំដែន ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានលើកឡើងពីការចូលរួមរបស់ប្រទេសកម្ពុជា ជាមួយនឹងប្រទេសបារាំង ក្នុងការតាក់តែងសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ស្តីពី «ការធ្វើឱ្យលែងមានទោសជាសកលចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (Towards Universal Decriminalization of Homosexuality)» ដែលគ្រោងនឹងអនុម័តអំឡុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៦២។

ក្នុងឱកាសនោះ លោកស្រី Matilda Bogner បានថ្លែងអំណរគុណចំពោះទេសរដ្ឋមន្ត្រី កែវ រ៉េមី ចំពោះកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់។ លោកស្រីក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិតនៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក៏បានបញ្ជាក់បន្ថែមថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងនោះផងដែរ។

ជាចុងក្រោយ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់ OHCHR ចំពោះការយកចិត្តទុកដាក់ចុះសួរសុខទុក្ខ ក៏ដូចជាពិនិត្យស្ថានភាពជាក់ស្តែងរបស់ជនភៀសសឹកកម្ពុជា។ ការបន្តលាតត្រដាងពីទង្វើរំលោភបំពានសិទ្ធិមនុស្សទាំងនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការស្វែងរកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន និងការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្សជាសកល៕