FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ជួបពិភាក្សាការងារពង្រឹងការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្សពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

07-07-2026 17:07

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការផ្តល់សេវាជូនជនរងគ្រោះត្រូវបានទទួលការគាំទ្រពីអង្គការ ASEAN-Australia for Counter Trafficking ដែលហៅកាត់ថា ASEAN-Act បានប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកស្រី Stephanie Chow លេខាធិការទី១ ស្ថានទូត អូស្ត្រាលីប្រចាំនៅកម្ពុជា និងលោក Paul Buckley ប្រធានផ្នែកគោលនយោបាយ និងភាពជាដៃគូ របស់ ASEAN-Act ប្រចាំតំបន់ លោក សេង សក្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានវត្តមានក្នុងឱកាសនោះដែរ។ ក្រៅពីនេះ នៅមានតំណាងក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទា ក្រសួងកិច្ចការនារី អង្គភាពស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ៧០នាក់ បាន ចូលរួមក្នុងកិច្ចពិភាក្សានេះ។

បន្ទាប់ពីចំណាប់អារម្មណ៍ លោកស្រី Stephany Chow តំណាងស្ថានទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាដែលបញ្ជាក់អំពីការគាំទ្រ និងកិច្ចសហការរបស់ អូស្ត្រាលីចំពោះគម្រោងអនុវត្តច្បាប់ និងកិច្ចការពារ ជនរងគ្រោះនៅកម្ពុជា លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់អំពីគោលបំណង នៃកិច្ចពិភាក្សា ដែលជាការផ្ដល់ឱកាស ក្នុងការសិក្សាស្វែងយល់អំពី សកម្មភាព និងគោលបំណងនៃភាគីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងតែធ្វើការងារយ៉ាងសកម្ម ក្នុងគោលដៅតែមួយ គឺកិច្ចគាំពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស តែនៅមានចំណុចខ្វះខាតក្នុងកិច្ចសហការ ដែលចាំបាច់ត្រូវស្វែងយល់បន្ថែមទៀត អំពីច្បាប់ តួនាទីភារកិច្ច និងកិច្ចសហការដែលធ្វើឲ្យសម្រេចគោលដៅរួមគ្នា។

បច្ចុប្បន្ននេះ បទល្មើសជួញដូរមនុស្ស បាននិងកំពុងតែផ្លាស់ប្តូរទម្រង់នៃការប្រព្រឹត្តរបស់ឧក្រិដ្ឋជនយ៉ាងសកម្ម និងប្រកបដោយគ្រោះថ្នាក់ ដោយគួបផ្សំការប្រើប្រាស់អនឡាញជាមធ្យោបាយឆបោក និងអូសទាញដើម្បី កេងប្រវ័ញ្ចជាច្រើនរូបភាព។ ការពិភាក្សា ក៏បានផ្តោតជាសំខាន់ផងដែរ ទៅលើការអនុវត្តច្បាប់ស្ដីពីការបង្ក្រាបអំពើ ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលចូលជាធរមានក្នុងឆ្នាំ២០០៨ និងច្បាប់ប្រឆាំងនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលទើបនឹងចូលជាធរមានក្នុងខែមេសាឆ្នាំ២០២៦ ថ្មីៗនេះ ថាតើមានសារសំខាន់ និងទំនាក់ទំនងដូចម្តេច? តើអ្វីទៅជាភាពប្រឈម និងអ្វីទៅជាដំណោះស្រាយដែលគប្បីមានការចូលរួមដោយស៊ី សង្វាក់គ្នារវាងសមត្ថកិច្ចរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។

បន្ទាប់ពីធ្វើបទបង្ហាញ អំពីខ្លឹមសារច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងនីតិវិធី ក៏ដូចជា ការអនុវត្តក្នុងការបង្ក្រាប និងការអនុវត្តអនុក្រឹត្យលេខ០៣ ដែលជានីតិវិធីក្នុងការតាមដានត្រួតពិនិត្យ បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាការបោសសម្អាតបទល្មើសនេះនៅកម្ពុជា កិច្ចសហការពីបណ្ដាអង្គការដៃគូ ក្នុងការផ្ដល់កិច្ចការពារជនរងគ្រោះ និងនីតិវិធីក្នុងការបណ្ដេញចេញនូវជនអន្តោប្រវេសន៍ ដែលបានចូលមកកម្ពុជា បង្កបញ្ហា អនុវត្តខុសច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ និងបានចូលរួមក្នុងការប្រព្រឹត្តបទល្មើសឆបោកទាំងដោយបង្ខំទាំងចេតនា រួចមកទាំងអស់គ្នាបានយល់កាន់តែច្បាស់ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាង និងការពារនូវសន្តិសុខ សុវត្ថិភាព និងបញ្ចៀសពីគ្រោះថ្នាក់ដោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពាវនាវឱ្យ បណ្តាដៃគូជាតិ និងអន្តរជាតិ ចូលរួមជួយដល់កម្ពុជា ក៏ដូចជាប្រទេសនានា ក្នុងតំបន់ឱ្យមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការស៊ើបអង្កេត ស្រាវជ្រាវប្រមូលភស្តុតាងបច្ចេកវិទ្យា និងបង្ការទប់ស្កាត់បទល្មើសនេះពីកម្ពុជា និងតំបន់ឱ្យមាន ប្រសិទ្ធភាពខ្ពស់។

អង្គការសង្គមស៊ីវិល ក៏បានចូលរួមបញ្ចេញមតិ អំពីទស្សនៈ និងការអនុវត្តដែលនៅមានភាពប្រឈម ព្រោះ តែមិនទាន់យល់អំពីនីតិវិធីច្បាប់ច្បាស់លាស់ និងទីបំផុតបានយល់ច្បាស់ និងគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល និងប្តេជ្ញា ចិត្តចូលរួមសហការ ឱ្យមានភាពរលូន ក្នុងការបង្ការទប់ស្កាត់ និងការផ្ដល់កិច្ចការពារជនរងគ្រោះ៕