ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង
06-07-2026 21:16
(បាត់ដំបង)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១២:១៥នាទីព្រឹក បន្ទាប់ពីបានជូនដំណឹងដល់ភាគីថៃ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងប្រមូលព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៅតាមបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ អ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការសាងសង់របងព្រំដែនដោយឯកតោភាគីពីសំណាក់យោធាថៃ ដែលស្ថិតនៅកៀកបង្គោលព្រំដែន 52-54 និងបានពិនិត្យឃើញជាក់ស្ដែងនូវការបែកបាក់បង្គោលបណ្ដោះអាសន្នដែលបង្កឡើងដោយសកម្មភាពឯកតោភាគីនេះ។ បន្ទាប់ពីបានទទួលព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងការងារវាស់វែងរួម និងការបោះបង្គោលបណ្តោះអាសន្ន ដែលបានអនុវត្តដោយក្រុមវាស់វែងចម្រុះនៃប្រទេសទាំងពីរអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជាក៏បានចុះទៅពិនិត្យទីតាំងដែលប្រជាពលរដ្ឋថៃបានធ្វើស្រែចំការហួសចូលក្នុងដីកម្ពុជានៅចន្លោះបង្គោលព្រំដែន52-59។
សូមគូសបញ្ជាក់ថា ភាគីកម្ពុជាបានតវ៉ាតាមរយៈកំណត់ទូតទៅភាគីថៃ ដោយសារការងារនេះប៉ះពាល់ទៅដល់នីតិវិធីទ្វេភាគីដែលមានស្រាប់ស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ភាគីទាំងពីរ។ ក្នុងន័យនេះ ភាគីកម្ពុជាបានជំរុញការរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក JBC ឱ្យបានឆាប់បំផុតដើម្បីដោះស្រាយបញ្ហានេះ។
ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC)៕








