FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការពារជាតិ៖ ផ្ទុះគ្រាប់បែក ១គ្រាប់នៅភូមិថ្មដូន ឃុំគោកមន បណ្តាលឱ្យរបួសយោធិន ៤នាក់, ក្រុមអ្នកជំនាញកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិត (Video inside)

06-07-2026 16:55

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣៥នាទីរសៀល កងកម្លាំងរបស់កម្ពុជា បានដើរល្បាតនៅតំបន់ចំការស្វាយចន្ទី ភូមិសាស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែលកំពុងដើរល្បាតនៅម្ខាងទៀតលួសបន្លា។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា នៅពេលកងកម្លាំងកម្ពុជាបានធ្វើដំណើរហួសផុតគ្នាបន្តិច ក៏ស្រាប់តែមានការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់នៅពីក្រោយកងល្បាតរបស់យើង ដែលបណ្តាលឱ្យយោធិនកម្ពុជារងរបួសចំនួន៤នាក់ ដោយសារអម្បែងគ្រាប់ ដែលពេលនេះកំពុងទទួលការព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមថា ចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នកជំនាញកំពុងបន្តធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីស្វែងរកការពិតជូនដល់កងកម្លាំង និងសាធារណជនរបស់យើង។

ក្រសួងការពារជាតិ សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង៕