ជាងពីរឆ្នាំរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ដំណើរយ៉ាងរឹងមាំ, ថ្ងៃនេះសម្ពោធដាក់ឱ្យដំណើរការការផ្គុំ និងដំឡើងរថយន្តស៊េរីថ្មី TOYOTA HILUX TRAVO (Video inside)
02-07-2026 13:53
(ភ្នំពេញ)៖ បន្ទាប់ពីបើកដំណើរការរយៈពេលជាង២ឆ្នាំនៅកម្ពុជា រោងចក្រតូយ៉ូតា បានបោះជំហានយ៉ាងរឹងមាំ ហើយនៅថ្ងៃនេះបន្តទៅកាន់វឌ្ឍនភាពថ្មីជាមួយការសម្ពោធដាក់ឱ្យដំណើរការការផ្គុំ និងដំឡើងរថយន្តស៊េរីថ្មី TOYOTA HILUX TRAVO ដែលជារថយន្តផ្គុំ និងដំឡើងដោយវិស្វករខ្មែរសុទ្ធសាធ។
ពិធីសម្ពោធដាក់ឱ្យដំណើរការការផ្គុំ និងដំឡើងរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា ត្រូវបាន ប្រារព្ធឡើងយ៉ាងមហោឡារិកនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីតាំងរោងចក្រតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញរបស់អ្នកឧកញ៉ា គិត ម៉េង។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មន្ត្រីជាន់ខ្ពស់ពីបណ្តាក្រសួង ស្ថាប័ននានា នៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា បានចាប់ផ្តើមដំណើរការជាផ្លូវការនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ក្រោយបើកសម្ពោធ ដោយមានគាំពារយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាលកម្ពុជា រោងចក្រតូយ៉ូតា បានក្លាយទៅជារោងចក្រដ៏សកម្មក្នុងច្រវាក់ផលិតកម្មរថយន្តនៅកម្ពុជាជាមួយការផ្គុំ និងដំឡើងរថយន្តប្រភេទ SUV ម៉ាក Toyota Fortuner និងប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux។ ដោយមានការគាំទ្រពីអតិថិជននៅកម្ពុជានោះ ក្រុមហ៊ុនតូយ៉ូតា បានបន្តបោះជំហានយ៉ាងស្វាហាប់ជាមួយការផ្គុំ និងដំឡើងរថយន្តស៊េរីថ្មីប្រភេទមួយបាំងកន្លះ Pick-up truck ម៉ាក Toyota Hilux Travo ដែលជារថយន្តស៊េរីថ្មីផ្គុំ និងដំឡើងផ្ទាល់ដៃរបស់វិស្វករជំនាញរបស់កម្ពុជា។
លោក ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់រថយន្តស៊េរីថ្មីរបស់តូយ៉ូតា ដែលផ្គុំ និងដំឡើងនៅកម្ពុជានេះ ជាវឌ្ឍនភាពដ៏សំខាន់ថ្មីមួយទៀត ដែលបង្ហាញយ៉ាងច្បាស់ពីទំនុកចិត្តរបស់ក្រុមហ៊ុនតូយ៉ូតា លើស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងទិសដៅអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ សមិទ្ធផលនេះ ក៏ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពិសេសគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយានយន្ត២០២៤-២០៣០ ដែលមានគោលដៅអភិវឌ្ឍកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផលិតកម្ម និងជាផ្នែកមួយនៃខ្សែច្រវាក់តម្លៃឧស្សាហកម្មយានយន្តក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន ចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនតូយ៉ូតា ដែលបានសម្រេចចិត្តវិនិយោគផ្គុំដំឡើងរថយន្តម៉ូដែលថ្មីនៅកម្ពុជា ដែលបានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន មកលើសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការផ្គុំដំឡើងរថយន្តម៉ូដែលថ្មី ដោយវិស្វករខ្មែរនាថ្ងៃនេះ ជាសក្ខីភាពបង្ហាញថាធនធានមនុស្សរបស់កម្ពុជា មានសមត្ថភាពអាចចាប់យកជំនាញបច្ចកវិទ្យា
កម្រិតខ្ពស់បានយ៉ាងល្អ ប្រសិនបើទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។ នេះជាគំរូវិនិយោគយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាព និងស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដែលមិនត្រឹមតែជាការមកបណ្តាក់ទុនបង្កើតរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម បណ្តុះបណ្តាលមូលធនមនុស្ស និងកសាងអនាគតរួមជាមួយកម្ពុជាក្នុងរយៈពេលវែង។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តាមរយៈការបង្ហាញនូវផលិតថ្មីរបស់ក្រុមហ៊ុនតូយ៉ូតា ដែលជាក្រុមហ៊ុនរថយន្តដ៏ល្បីរបស់ជប៉ុន ក៏នឹងក្លាយជាចលករជួយទាក់ទាញក្រុមហ៊ុនដទៃរបស់ជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជាថែមទៀត។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃសម្ពោធរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាកាលពីឆ្នាំ២០២៤ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ដែលជាតួអង្គសំខាន់មួយក្នុងវិស័យយានយន្ត បានដំឡើងរថយន្តទាំងពីរប្រភេទ គឺ Fortuner និង Hilux សរុបចំនួន ៦ ២៥០គ្រឿង។ កាន់តែពិសេសទៀតនោះ ក្រុមហ៊ុនតូយ៉ូតា បានបង្កើនការប្រើប្រាស់គ្រឿងផ្គុំ និងបំណែករថយន្តកាន់តែច្រើនពីក្រុមហ៊ុនក្នុងស្រុក។ របាយការណ៍របស់ក្រុមហ៊ុនតូយ៉ូតា គឺមានការកើនឡើងប្រមាណ ២០ភាគរយ ដែលនេះជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថា ការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា កំពុងផ្តល់អត្ថប្រយោជន៍កាន់តែទូលំទូលាយដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការពង្រឹងឧស្សាហកម្មគាំទ្រ និងការបង្កើនតម្លៃបន្ថែមក្នុងស្រុក។
ចក្ខុវិស័យរបស់ក្រុមហ៊ុនតូយ៉ាតា សម្រាប់រថយន្តជាតិរបស់កម្ពុជា តាមរយៈរថយន្ត Hilux ស៊េរីថ្មីនេះ ក្រុមហ៊ុនតូយ៉ូតា មានគោលបំណងផ្តល់លើសពីរថយន្តមួយគ្រឿង។ ដោយឈរលើទស្សនវិជ្ជា «ស្នាដៃយើង សម្រាប់ជាតិយើង (From Our Hands, For Our Homeland )» ក្រុមហ៊ុនតូយ៉ូតា ប្តេជ្ញាផលិតរថយន្តលំដាប់ពិភពលោក ដែលត្រូវបានផលិតដោយមោទនភាពដោយប្រជាជនកម្ពុជា សម្រាប់ប្រជាជនកម្ពុជា។ តាមរយៈការគាំទ្រការងារ គ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្រុមហ៊ុនតូយ៉ូតា មានបំណងឱ្យរថយន្ត Hilux ស៊េរីថ្មីនេះ ក្លាយជារថយន្តដែលប្រជាជនកម្ពុជាទុកចិត្ត ជានិមិត្តរូបនៃការរីកចម្រើន និងវឌ្ឍនភាពរបស់ប្រទេសកម្ពុជា៕



































































