FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ដួចផ្ដើមបង្កើតយន្តការមន្ត្រីប្រចាំការត្រីភាគី​កម្ពុជា-វៀតណាម-ឡាវ ងាយស្រួលសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា រួមទាំង Scam Online (Video inside)

30-06-2026 09:19

(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគំនិតផ្ដួចផ្ដើម​បង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍។

គំនិតផ្ដួចផ្ដើម​នេះ ត្រូវបាន​ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។

គំនិតផ្ដួចផ្ដើមនិងការបញ្ជាក់គាំទ្រនេះ បានធ្វើឡើងក្នុងឱកាស ដែល​ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយ​លោកអភិសន្តិបណ្ឌិត ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ។

បើតាម​អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី យន្តការមន្ត្រីប្រចាំការត្រីភាគីនេះ មានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមក ឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពលរដ្ឋឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើម។

ស្របគ្នានឹងការផ្លាស់ប្ដូរយោបល់ ក្នុងជំនួបជាមួយ​រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ​ លោកអភិសន្តិបណ្ឌិត ស សុខា និង​ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាបង្កលក្ខណៈ ឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ ឆ្លៀតពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាបន្ថែមទៀត ក្នុងឱកាសក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ដោយមានជំនឿយ៉ាងមុតមាំថា យន្តការនេះនឹងលេចចេញជារូបរាង ហើយចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការប្រកបដោយមិត្តភាព សំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។

ក្រៅពីនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា អំពីបទពិសោធ និងលទ្ធផល នៃការអនុវត្តយន្តការសហប្រតិបត្តិការប្រចាំឆ្នាំ ដោយបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ អនុវត្តឱ្យបានសម្រេចជោគជ័យ តាមស្មារតីនៃជំនួបពិភាក្សា និងការឯកភាពគ្នា របស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ៕