FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

World Cup 2026៖ Messi រកបាន ១គ្រាប់បន្ថែមនៅថ្ងៃបិទបញ្ចប់ពូល J ពេលអាហ្សង់ទីនយកឈ្នះហ្ស៊កដានី ៣-១

28-06-2026 12:34

(បរទេស)៖ ប្រធានក្រុម Lionel Messi ដែលត្រូវបានប្តូរចូលលេងនៅនាទី៦០ និងរកបាន ១គ្រាប់ផងដែរ ពេលអាហ្សង់ទីន ក្រុមការពារតំណែងជើងឯកបន្តយកឈ្នះក្រុមនៅអាស៊ី ហ្ស៊កដានី ៣-១ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំពិន្ទុពូល J នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។

ការប្រកួតថ្ងៃចុងក្រោយដែលធ្វើឡើងក្នុងកីឡដ្ឋាន Dallas Stadium នៃសហរដ្ឋអាមេរិក ខ្សែប្រយុទ្ធចាស់វស្សាវ័យ ៣៩ឆ្នាំ Messi បានទាត់បាល់ free kick ចូលទីយ៉ាងស្អាតដោយនៅខ្វះ ១០នាទីដល់ម៉ោងបញ្ចប់ការប្រកួត និងជាការរកបានគ្រាប់បាល់ ៣ប្រកួតជាប់ៗគ្នាតែម្តង និងកើនបាន ៦គ្រាប់ច្រើនជាងគេផងដែរ។

នេះមានន័យថា Messi មាន ១៩គ្រាប់នៅ World Cup ច្រើនជាងគេដាច់ ក្រោយពេលបំបែកកំណត់ត្រាចាស់ Miroslav Klose នៅ World Cup ជំនាន់ទី២៣ ដែលរៀបចំនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីថ្ងៃទី១១ ខែមិថុនា និងបញ្ចប់ទៅវិញនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

Messi បានរួមចំណែកជួយក្រុមរបស់លោក Lionel Scaloni ឈ្នះ ១០០% ប្រចាំពូល J ដោយត្រូវប្រឈមមុខនឹងក្រុមលេខ២ ពូល H គឺកាប់វ៉េ មកពីតំបន់អាហ្រ្វិកនារាត្រីថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្នុងវគ្គចាញ់-ធ្លាក់ ៣២ក្រុមចុងក្រោយ គ្រាដែលហ្ស៊កដានីត្រូវហាលអាវ និងត្រឡប់ទៅផ្ទះវិញ៕