មេស៉ីម៉ាក់កម្ពុជា បង្ហាញទិដ្ឋភាពចំនួន ៣ចំណុចទៅកាន់សារព័ត៌មានថៃ ដែលចង់បង្វែរការពិត ជុំវិញគ្រាប់ទម្លាក់ពីលើយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត ១តោន
26-06-2026 17:38
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់-CMAC) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញទិដ្ឋភាពបីចំណុច ឆ្លើយតបចំពោះការបង្វែរការពិតរបស់សារព័ត៌មានថៃ ពាក់ព័ន្ធនឹងសំណល់គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK-84 ទម្ងន់ជិត ១តោន ក្នុងសង្គ្រាមថៃឈ្លានពានកម្ពុជា ក្នុងឆ្នាំ២០២៥។
លោក ហេង រតនា បានសរសេរសារឆ្លើយតបដូច្នេះថា៖
ក្រោយពីខ្ញុំបានបង្ហាញគ្រាប់បែកទម្លាក់ ពីយន្ដហោះប្រភេទ MK-84 ទម្ងន់ជិត១តោនរបស់ទាហានសៀមឈ្លានពាន ដែលបានទម្លាក់មកលើបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានោះ មានសារព័ត៌មានថៃមួយចំនួន បានចុះផ្សាយបង្វែរការពិត ដោយសំអាងលើតែមូលដ្ឋានរបស់ខ្លួន។ ទន្ទឹមនឹងនេះមានបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋខ្មែរមួយចំនួន បានសាកសួរ និងស្នើសុំឱ្យខ្ញុំជួយបកស្រាយបំភ្លឺបន្ថែម។
ក្នុងឱកាសនេះ ខ្ញុំសូមសង្ខេបខ្លឹមសាររបស់សារព័ត៌មានសៀម ដែលបានលើកឡើង និងត្រូវធ្វើការបកស្រាយលើទិដ្ឋភាពចំនួន ៣ចំនុចដូចខាងក្រោម៖
១. ការអធិប្បាយថា «គ្រាប់បែកទម្លាក់ពីយន្ដហោះរបស់ពួកគេ សុទ្ធតែបានផ្ទុះទាំងអស់» ខ្ញុំយល់ថាការអធិប្បាយនេះ ជាសក្ខីកម្មថ្មីមួយទៀត ដែលទាហានសៀមសារភាពទទួលស្គាល់ថា បានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក្នុងការរំលោភឈ្លានពានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។ ដោយឡែក ចំពោះកម្រិតនៃការផ្ទុះគ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌដទៃទៀតដែរ សុទ្ធតែមានកម្រិតអត្រាមិនផ្ទុះ (Failing rate)។ កាលើកឡើងពេលនេះ មិនខុសគ្នាពីអ្វីដែលមន្រ្តីជំនាញសៀម ធ្លាប់បានលើកឡើងកន្លងមក ពាក់ព័ន្ធការផ្ទុះសំណល់គ្រាប់បែកចង្កោមសៀមស្លាប់កុមារកម្ពុជា ក៏ពួកគេបានអះអាងដូចគ្នានេះដែរថា គ្រាប់បែកចង្កោមសៀម បានបាញ់មកលើបូរណភាពទឹកដីកម្ពុជា សុទ្ធតែផ្ទុះទាំងអស់អញ្ចឹងដែរ ប៉ុន្តែធាតុពិត សំណល់គ្រាប់បែកចង្កោមទាំងនោះ នៅតែបន្តបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជាបន្តបន្ទាប់ ហើយអង្គភាព CMAC នៅតែបន្តរកឃើញជាហូរហែ។ ខ្ញុំយល់ថា អ្វីដែលសៀមបានលើកឡើងនេះ ជាការបង្ហាញនូវមោទនភាព និងអំនួតអំពីឧត្តមភាពសម្ភាៈសឹក ព្រមទាំងគេចវេសពីការទទួលខុសត្រូវ ដោយភូតកុហកប្រជាជនសៀម និងសាធារណៈមតិអន្ដរជាតិតែប៉ុណ្ណោះ។
២. ការលើកឡើងថា គ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84នោះ គឺជាសំណល់គ្រាប់ទម្លាក់ពីយន្ដហោះរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមនៅកម្ពុជានាទសវត្សរ៍១៩៦០-៧០នោះ គឺជាការបម្លែងការពិតតែប៉ុណ្ណោះ និងជាការទម្លាក់កំហុសព្រមទាំងមួលបង្កាច់លើភស្តុតាងពិតប្រាកដនេះ។ សុំបញ្ជាក់ថា រាល់គ្រាប់បែកទម្លាក់ពីយន្ដហោះ ក៏ដូចជាគ្រាប់យុទ្ធភណ្ឌទាំងអស់សុទ្ធតែមានការកំណត់អត្តសញ្ញាណច្បាស់លាស់ដូចជា លេខកូដ ថ្ងៃខែឆ្នាំនិងក្រុមហ៊ុន ព្រមទាំងប្រទេសផលិត ដែលនេះជាបទដ្ឋានអន្ដរជាតិ។
ជាក់ស្ដែងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK-84 ដែលបានបង្ហាញក្នុងរូបភាពទាំង២គ្រាប់នេះ មានលេខកូដ៖ 30003-923AS105 លេខឡូតិ៍គ្រាប់៖ IMI96G015-011 ផលិតដោយក្រុមហ៊ុនឧស្សាហកម្មយោធាអ៉ីស្រាអ៊ែល នៅឆ្នាំ១៩៩៦។ ផ្អែកលើមូលដ្ឋាននេះ សួរថា តើគ្រាប់បែកដែលផលិតក្នុងឆ្នាំ១៩៩៦ អាចយកទៅប្រើប្រាស់ក្នុងសង្គ្រាមសហរដ្ឋអាមេរិកនៅកម្ពុជាក្នុងអំឡុងឆ្នាំ១៩៦២-១៩៧៥ បានដែរឬ?
៣. ដោយឡែកចំពោះការលើកឡើងថា គ្រាប់បែកMK-84 នេះ មិនអាចផ្ទៀងផ្ទាត់បាន ដោយសារគ្មានប្រភពត័ត៌មានច្បាស់លាស់ឡើយ។ ត្រង់ចំនុចនេះ តាមធម្មតាការផ្ទៀតផ្ទាត់អាចដំណើរការបាន ដោយការត្រួតពិនិត្យភស្តុតាងជាក់ស្តែងដូចជា គ្រឿងបង្គំគ្រាប់បែក ទីតាំងរណ្តៅគ្រាប់ សាក្សី និងទិន្នន័យការហោះហើរទម្លាក់គ្រាប់បែកជាដើម។ ជាក់ស្តែង រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្ដល់ទិន្នន័យការទម្លាក់គ្រាប់បែកនៅកម្ពុជាជូនរាជរដ្ឋាភិបាល ដើម្បីគាំទ្រសកម្មភាពបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងគ្រាប់បែកទម្លាក់ពីយន្តហោះជាកិច្ចការមនុស្សធម៌ ក៏ដូចជាបង្ហាញនូវស្មារតីការទទួលខុសត្រូវខាងសីលធម៌ផងដែរ។
អង្គភាព CMAC ក៏បានប្រើប្រាស់ទិន្នន័យនោះ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ សូមបញ្ជាក់បន្ថែមជាថ្មីថា ទីតាំងគ្រាប់បែករបស់ទាហានសៀម ដែលអង្គភាព CMAC បានរកឃើញ គឺគ្មាននៅក្នុងទិន្នន័យការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនោះទេ។
សរុបរួម គ្រាប់បែកទម្លាក់ពីយន្ដហោះ MK-84 គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌដទៃទៀត ដែលអង្គភាព CMAC បោសសម្អាត និងប្រមូលបាននោះ សុទ្ធតែមានកំណត់ត្រាទីតាំង អត្តសញ្ញាណគ្រាប់ ក៏ដូចជាស្ថានភាពគ្រាប់ច្បាស់លាស់ ដែលអាចផ្ដល់លទ្ធភាពដល់អ្នកជំនាញជាតិនិងអន្ដរជាតិ អាចពិនិត្យផ្ទៀងផ្ទាត់ និងសិក្សាលម្អិតបាន។ ចំណែកខ្លះនៃតឹងតាងទាំងនេះត្រូវថែរក្សាទុកជាមរតកប្រវត្តិសាស្ត្រ ដើម្បីរំលឹកចងចាំនូវទុកសោកនាដកម្មសង្គ្រាម និងការផ្សព្វផ្សាយនូវវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ!។
ការពិតនៅតែជាការពិត (ជួបរបស់ពិត) ដោយគ្មានការក្លែងបន្លំ លាបពណ៌ និងមួលបង្កាច់អ្វីឡើយ!!៕
















