FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ ប្រាប់ទូរទស្សន៍ជប៉ុន TBS ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

26-06-2026 13:50

(ភ្នំពេញ)៖ សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ក្នុងបទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មានទូរទស្សន៍ជប៉ុន TBS (Tokyo Broadcasting System Television) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញយ៉ាងច្បាស់លាស់ និងបើកចំហអំពីយុទ្ធនាការយ៉ាងសកម្មរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា «ជាការពិតណាស់ ការរាតត្បាត និងការគំរាមកំហែងនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះឡើយ ប៉ុន្តែវាជាវិបត្តិសកលដែលកំពុង កើតមានឡើងនៅតាមបណ្តាប្រទេសជាច្រើនលើពិភពលោក។ ជនបរទេសជាច្រើនសញ្ជាតិ ត្រូវបានលួងលោមអូសទាញដោយក្រុមមេខ្លោងឧក្រិដ្ឋជន ដើម្បីយកទឹកដីកម្ពុជាធ្វើជាទីតាំងលបលួចប្រព្រឹត្ត សកម្មភាពឆបោកទៅក្រៅប្រទេសវិញ»

លោកថា ឈរលើតថភាពដែលកម្ពុជាកំពុងទទួលរងនូវការខូចខាតកេរ្តិ៍ឈ្មោះ ដោយសារការលួចបន្លំយកទឹកដីធ្វើជាកន្លែងប្រព្រឹត្តបទល្មើសនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់ ក្នុងគោលដៅបង្ក្រាប និងបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា ព្រមទាំងដាក់ចេញនូវវិធានការច្បាប់ដើម្បីទប់ស្កាត់យ៉ាងតឹងរ៉ឹង បង្ការមិនឱ្យកើតមានឡើងវិញ ជាដាច់ខាត។

ស្របតាមកិច្ចខិតខំប្រឹងប្រែងនេះ កម្ពុជាបានបង្កើត «ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលជាលិខិតុបករណ៍គតិយុត្តដ៏មានសារៈសំខាន់ និងជាបុរេជំហានឈានមុខមួយ ដែលសូម្បីតែប្រទេសមួយចំនួន នៅក្នុងតំបន់ និងលើសកលលោកក៏មិនទាន់មាននៅឡើយ។ ច្បាប់នេះ មានវិសាលភាពអនុវត្ត ចំពោះបទល្មើសឆបោកទាំងឡាយណា ដែលត្រូវបានប្រព្រឹត្តឡើងតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ជាមធ្យោបាយដើម្បីប្រព្រឹត្តបទល្មើស ព្រមទាំងចំពោះបទល្មើសទាំងឡាយ ដែលពាក់ព័ន្ធនឹងការវិវឌ្ឍនៃល្បិចកល យុទ្ធសាស្ត្របំភាន់ និងការចាត់តាំងជាបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលដៅធានាការពារសន្តិសុខឌីជីថល សណ្តាប់ធ្នាប់សង្គម និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេសឱ្យបានពេញលេញ។

យោងតាមលេខាធិការដ្ឋានគ.ប.ឆ.ប. សមត្ថកិច្ចកម្ពុជាបាន និងកំពុងអនុវត្តវិធានយ៉ាងម៉ឺងម៉ាត់ ដើម្បីការរឹតបន្តឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងប្រទេស ការស្នាក់នៅរបស់ជនបរទេសដែលអាចជាប់ការសង្ស័យ ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់កម្ពុជា ក៏ដូចជាការស៊ើបអង្កេតតាមដានបច្ចេកវិទ្យា ការសហការដោយបើកចំហជាមួយដៃគូអន្តរជាតិ និងការបន្តប្រតិបត្តិការបង្ក្រាប និងបោសសម្អាតលើការឆបោកគ្រប់ទម្រង់ ដោយមិនដកដៃឡើយ។

ជាលទ្ធផល ចាប់តាំងពីដើម ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង ៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ដើម្បីគ្រប់គ្រង ហើយកំពុងបន្តការស៊ើប អង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល (Sealed) ចំនួនជាង ៤០០ ទីតាំង ព្រមទាំងបានដកហូតនិងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង។

ទន្ទឹមគ្នានេះ សមត្ថកិច្ចបានដំណើរការសំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥សំណុំរឿងស្ថិតក្នុងដំណាក់កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១នាក់ ខណៈជនជាប់សង្ស័យសញ្ជាតិបរទេសមានប្រមាណជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ។

សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចេញពីកម្ពុជា បាននិងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។ ឈរលើស្មារតីនេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងដាច់ខាត តាមរយៈការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវរួមគ្នាកម្ទេចរាល់ទីតាំងឆបោកទាំងនេះឱ្យស្រឡះពីទឹកដីកម្ពុជា។

សម្រាប់រាជរដ្ឋាភិបាល ការធានា និងថែរក្សាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ការការពារកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិ ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និងរីកចម្រើន គឺជាកិច្ចការអាទិភាព និងជាទិសដៅយុទ្ធសាស្ត្រក្នុងការដឹកនាំ៕