FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ និងប្រធានសភាប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ចិន មានទំនាក់ទំនងកាន់តែល្អ ដើម្បីជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន (Video inside)

26-06-2026 07:25

(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ចាវ ឡឺជី ប្រធាន​គណៈ​កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងចិន មាន​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីរួមចំណែក​ជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន។

នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន សម្តេច​តេ​ជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ ចាវ ឡឺជី។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេច​​តេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានសម្ដែងនូវការស្វាគមន៍​យ៉ាងកក់​ក្តៅ​ចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា។

ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្ត​ដែកថែប តែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចបង្ហាញនូវការ​ពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោក ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី តែមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុង​ក្រប​ខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ក្នុងការជំរុញ​ទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ និងបានកត់​សម្គាល់​​ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែល​មិន​អាចមានអ្នកណាមកបំបែកបានឡើយ។ លោក ក៏បានលើកឡើងអំពីការជំរុញកិច្ចសហប្រតិ​បត្តិ​ការ​ក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរ។

លោក ចាវ ឡឺជី ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់​ទំនង​គ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកជ្រោមជ្រែងដល់ការកសាងសហ​គមន៍​ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី៕