មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ជាចលករពង្រឹងបន្ថែមនូវទំនាក់ទំនងកម្ពុជា-ចិន
26-06-2026 07:19
(ប៉េកាំង, ចិន)៖ លោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសរបស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន បានចាត់ទុកដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាចលករពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងកម្ពុជា និងចិន។
លោក លូ ហៃស៊ីង បានលើកឡើងបែបនេះ ក្នុងឱកាសជួបជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ លោក លូ ហៃស៊ីង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ថា ជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។
លោក លូ ហៃស៊ីង បានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។ លោក បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។
លោក ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណបក្សនៃប្រទេសទាំងពីរ។ លោក លូ ហៃស៊ីង សង្ឃឹមថា តាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់លោក លូ ហៃស៊ីង ចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ ក៏បានរំលេចដែរថា ក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោលើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់ប្រទេសចិន ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕



