សម្តេចតេជោ និងប្រធានសភាប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ចិន មានទំនាក់ទំនងកាន់តែល្អ ដើម្បីជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន
26-06-2026 07:05
(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចង់ឃើញស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងចិន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែសកម្ម និងល្អប្រសើរថែមទៀត ដើម្បីរួមចំណែកជួយជំរុញទំនាក់ទំនងកម្ពុជា-ចិន។
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ បន្ទាប់ពីអញ្ជើញដល់ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយ ចាវ ឡឺជី។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា។
ក្នុងជំនួបនោះ លោក ចាវ ឡឺជី បានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប តែងតែជួយយកអាសាគ្នាទៅវិញទៅមក។ លោក ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានអរគុណលោក ចាវ ឡឺជី ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី តែមិត្តភាពកម្ពុជា-ចិន មិនប្រែប្រួលឡើយ។
ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។
លោក ចាវ ឡឺជី បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ និងបានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែលមិនអាចមានអ្នកណាមកបំបែកបានឡើយ។ លោក ក៏បានលើកឡើងអំពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិរវាងប្រទេសទាំងពីរ។
លោក ចាវ ឡឺជី ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅចូលរួមចំណែកជ្រោមជ្រែងដល់ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគ្គសម័យថ្មី៕






