FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ផ្សព្វផ្សាយ ការប្រើសប្រាស់កម្មវិធី «មតិយើង» ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដោះស្រាយសំណូមពរ និងសេវាសាធារណៈ ជូនគរុសិស្សនៃសាលាគរុកោសល្យ និងវិក្រិតការខេត្ត

23-06-2026 16:18

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោក លី សុគន្ធី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមានលោកអនុប្រធានការិយាល័យ, ផ្នែកទាំង ២ នៃការិយាល័យប្រជាពលរដ្ឋខេត្ត, លោកប្រធានការិយាល័យប្រជាពលរដ្ឋក្រុងពោធិ៍សាត់ ចុះធ្វើការផ្សព្វផ្សាយកម្មវិធី «មតិយើង» ដល់សាស្ត្រាចារ្យ គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងគរុសិស្ស នៃសាលាគរុកោសល្យ និងវិក្រិតការខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយទទួលបានការអនុញ្ញាត និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងទំនាក់ទំនងរវាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ។

ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ លោក លី សុគន្ធី បានគូសបញ្ជាក់ពីតួនាទី និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋថា៖ «ការិយាល័យប្រជាពលរដ្ឋ គឺជាស្ពានចម្លងដ៏សំខាន់ក្នុងការទទួល និងដោះស្រាយរាល់សំណូមពរ ក៏ដូចជាការត្អូញត្អែរផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ឬអំពើមិនប្រក្រតីនានា ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងរដ្ឋបាល»

លោកបានសង្កត់ធ្ងន់លើគុណសម្បត្តិពិសេស របស់កម្មវិធី «មតិយើង» ថា៖ «កម្មវិធីនេះ គឺជាឧបករណ៍ឌីជីថលដ៏មានប្រសិទ្ធភាព ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូបអាចបញ្ជូនមតិយោបល់ សំណូមពរ ឬការរាយការណ៍អំពីបញ្ហាដែលជួបប្រទះក្នុងមូលដ្ឋានបានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ តាមរយៈកម្មវិធីនេះ យើងអាចតាមដានវឌ្ឍនភាពនៃការដោះស្រាយបញ្ហាបានទាន់ពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងពង្រឹងគុណភាពសេវាសាធារណៈឱ្យកាន់តែល្អប្រសើរឡើងសម្រាប់សង្គមជាតិយើង»

លោក លី សុគន្ធី ក៏បានអំពាវនាវដល់គណៈគ្រប់គ្រងសាលា គ្រូឧទ្ទេស លោកគ្រូ អ្នកគ្រូ និងគរុសិស្សទាំងអស់ ត្រូវចូលរួមសហការ និងប្រើប្រាស់កម្មវិធីនេះឱ្យអស់លទ្ធភាព ដើម្បីក្លាយជាភ្នែកជាច្រមុះរបស់អាជ្ញាធរ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍខេត្តពោធិ៍សាត់ឱ្យកាន់តែរីកចម្រើន។

គួរជម្រាបជូនថា ការចុះផ្សព្វផ្សាយនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកនាយសាលាគរុកោសល្យ និងវិក្រិតការខេត្ត ដែលបានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ការិយាល័យប្រជាពលរដ្ឋ ក្នុងការនាំយកបច្ចេកវិទ្យាទំនើបមកបម្រើប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋាន៕