ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលេីលីបង់ សម្លាប់មនុស្ស ១០នាក់ ទោះជាមានបទឈប់បាញ់
20-06-2026 19:30
(បេរូត)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលេីលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ នាថ្ងៃសៅរ៍នេះ ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់ចូលជាធរមាន ដោយអ៉ីស្រាអែលនិយាយថា ខ្លួនកំពុងឆ្លេីយតបការវាយប្រហារពីក្រុមហេសបូឡា រីឯហេសបូឡានិយាយថា នឹងមិនអនុញ្ញាតឱ្យអ៉ីស្រាអែលធ្វេីសកម្មភាពស្រេចតែចិត្តនៅក្នុងប្រទេសលីបង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី ២០ ខែមិថុនា ឆ្នាំ២០២៦។
ការបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសលីបង់ គឺជាលក្ខខណ្ឌមួយសម្រាប់ការអនុវត្តរយៈពេល ៦០ថ្ងៃនៃកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ដេីម្បីដោះស្រាយវិវាទជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ និងបញ្ហាផ្សេងទៀត ជាគន្លឹះក្នុងការបង្កើតកិច្ចព្រមព្រៀងយូរអង្វែង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែគេមិនច្បាស់ទេថាកិច្ចចរចានោះអាចចាប់ផ្តើមនៅពេលណា។
អនុស្សារណៈយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កាលពីថ្ងៃពុធ តម្រូវឱ្យប្រទេសទាំងពីរ និងសម្ព័ន្ធមិត្តរបស់ពួកគេបញ្ឈប់ប្រតិបត្តិការយោធាទាំងអស់ រួមទាំងនៅលីបង់។ អ៉ីស្រាអែល ដែលបានដេីរចេញពីការចរចានិយាយថា ខ្លួនមិនមែនជាភាគីនៃកិច្ចព្រមព្រៀងទេ ហើយថានឹងរក្សាកងកម្លាំងរបស់ខ្លួន ៥ភាគរយ ឬច្រើនជាងនេះនៅទីតាំងកំពុងកាន់កាប់ក្នុងទឹកដីលីបង់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ NNA របស់លីបង់ បានរាយការណ៍ថាយន្តហោះចម្បាំង និងយន្តហោះដ្រូនរបស់អ៉ីស្រាអែល នាថ្ងៃសៅរ៍នេះ បានវាយប្រហារទីតាំងនានាទូទាំងភាគខាងត្បូងលីបង់ និងជ្រលង Bekaa ដែលជាទីតាំងរឹងមាំនៃក្រុមហេសបូឡា។ ដោយឡែក មន្ត្រីយោធាអ៉ីស្រាអែលម្នាក់និយាយថា ក្រុមហេសបូឡាបានបាញ់ជាង ៥០គ្រាប់មកលេីកងកម្លាំងអ៉ីស្រាអែលនៅភាគខាងត្បូងលីបង់ពេញមួយយប់ ហើយថាការវាយប្រហាររបស់អ៉ីស្រាអែលគឺជាការឆ្លេីយតបវិញ។
ហេសបូឡា មិនបានប្រកាសទទួលខុសត្រូវភ្លាមៗទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ហេសបូឡា ប្រាប់ Reuters ថាក្រុមរបស់ខ្លួននឹងមិនអនុញ្ញាតឱ្យកងកម្លាំងអ៉ីស្រាអែល ធ្វេីសកម្មភាពស្រេចតែចិត្តនៅក្នុងទឹកដីលីបង់ ហើយក៏មិនទទួលយកការវិលត្រឡប់ទៅរកស្ថានភាព មុនថ្ងៃទី២ ខែមីនា នោះដែរ ជាពេលដែលភាគីទាំង ២អនុវត្តបទឈប់បាញ់៕


