FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអាម៉េរិក និងអ៉ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងបើកច្រកសមុទ្រ Hormuz ឡើងវិញ (Video inside)

19-06-2026 13:14

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងអាម៉េរិក និងអ៉ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ដូចនេះថា ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពកាលពីពេលថ្មីៗ នេះ រវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ អ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមបញ្ជាក់ថា កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៉ីស្លាម អ៉ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។

កម្ពុជាតែងតែគាំទ្រជានិច្ចនូវការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា វិធីសាស្រ្តការទូត និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងដំណើរការសម្របសម្រួលនាំឱ្យសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ ហើយកម្ពុជាសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តប្រកបដោយសុច្ឆន្ទៈ និងនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។

កម្ពុជាជឿជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ និងពិភពលោក កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងវិបុលភាពរួម។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ សកល និងរួមចំណែកដល់ស្ថិរភាពនៅក្នុងទីផ្សារថាមពលអន្តរជាតិ។

កម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ បន្តកសាងសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនាប្រកបដោយចីរភាព និងការចូលរួមប្រកបដោយការស្ថាបនា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង នៅមជ្ឈិមបូព៌ា និងក្នុងពិភពលោក៕