FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ យុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត នឹងចូលរួមលុបបំបាត់ចោលទាំងស្រុង នៃការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសកម្ពុជា (Video inside)

17-06-2026 15:19

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការដ្ឋាភិបាលឌីជីថល បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ នឹងចូលរួមលុបបំបាត់ចោលទាំងស្រុង នៃការឆបោកតាមប្រព័ន្ធអនឡាញ (Online scams) នៅក្នុងប្រទេសកម្ពុជា.

យុទ្ធនាការនេះ ត្រូវបានធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឲ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងគោលបំណង ការពារសុវត្ថិភាព ឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅដល់ការលុបបំបាត់ ស៊ីមកាតគ្មានអត្តសញ្ញាណ អ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន, លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «យុទ្ធនាការផ្ទៀងផ្ទាត់ អត្តសញ្ញាណស៊ីមកាត ជាមួយនឹងគណនីធនាគារ/គណនីទូទាត់ សងប្រាក់របស់អ្នកប្រើប្រាស់ ដែលយើងធ្វើជាមួយធនាគារជាតិនេះ គឺជាយុទ្ធនាការ ដើម្បីទប់ស្កាត់នៃការឆបោក តាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសកម្ពុជាយើង» លោក ជា វ៉ាន់ដេត បានលើកឡើងថា យុទ្ធនាការនេះ គឺជាយុទ្ធនាការមួយ ដែលមានភាពមុតស្រួច មានភាពប្រាកដនិយម ហើយយើងនឹងធ្វើជាបណ្ដើរៗ ដើម្បីឈានទៅដល់ការ លុបបំបាត់ចោលទាំងស្រុង នៃការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះ ក៏បានចូលរួមសម្រួលដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកជនឧក្រិដ្ឋ ដែលបោកប្រាស់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្ដធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទ ហើយធនាគារជាតិ នឹងបន្ដណែនាំ និងត្រួតពិនិត្យលើធនាគារពាណិជ្ជកម្ម ដើម្បីសហការគ្នា ធ្វើយ៉ាងម្ដេចឲ្យធនាគារទាំងអស់ ធ្វើការផ្ទៀតផ្ទាត់នូវអត្ដសញ្ញាណ ជាមួយនឹងលេខទូរស័ព្ទ។

លោក ជា វ៉ាន់ដេត បានលើកឡើងថា នេះគឺជាដំណាក់កាលទី១ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការជាមួយនឹងធនាគារជាតិ ចំពោះអ្នកដែលមានគណនី នៅក្នុងធនាគារ ហើយដំណាក់កាលទី២ នឹងឈានដល់បុគ្គល ដែលគ្មានគណនីធនាគារ មកត្រួតពិនិត្យឈ្មោះ និងលេខទូរស័ព្ទ ក្នុងករណីមាន ត្រូវធ្វើការផ្លាស់ប្ដូរ។

សូមជម្រាបថា តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

គំនិតផ្តួចផ្តើមនេះ ក៏នឹងរួមចំណែក ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ច​និងសង្គមឌីជីថលនៅកម្ពុជាផងដែរ៕