តំណាងអយ្យការលោក វ៉ិត មឃៈ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ សម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ
16-06-2026 16:34
(ភ្នំពេញ)៖ លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងគណៈកម្មការចម្រុះខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចបិទទីតាំងស្តុកទំនិញនាំចូលពីថៃមួយកន្លែង ដែលសង្ស័យថា ជាទំនិញនាំចូលខុសច្បាប់ ដោយរង់ចាំមន្រ្តីជំនាញធ្វើការពិនិត្យស្រាវជ្រាវពាក់ព័ន្ធ និងការនាំចូលទំនិញគេចពន្ធ និងខូចគុណភាព ខណៈដែលច្រកពំ្រដែនគោករវាងកម្ពុជា-ថៃ ត្រូវបានបិទទាំងស្រុង។ ទីតាំងស្តុកទំនិញថៃនេះ ស្ថិតនៅចំណុចផ្ទះលេខ៣៥២ ផ្លូវ៣៥១ ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទំនិញខូចគុណភាព និងនាំចូលពីថៃចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ខាងលើនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរដ្ឋស្តីទីសម្តេចតេជោ ហ៊ុន សែន ដោយមានការសហការ ចូលរួមពីមន្រ្តីជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្នុងគោលដៅ និងគោលបំណងដើម្បីលុបបំបាត់ និងចូលរួមទប់ស្កាត់កុំឱ្យមានការនាំចូលទំនិញពីថៃដែលខូចគុណភាព និងគេចពន្ធ ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាព ប្រជាពលរដ្ឋកម្ពុជា និងការបាត់បង់ចំណូលពន្ធគយ។
សូមបញ្ជាក់ថា ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានណែនាំដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ពង្រឹងការត្រួតពិនិត្យ និងអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះជន ដែលបន្តនាំទំនិញខុសច្បាប់មកពីថៃចូលមកកម្ពុជា ដោយការដកហូតទ្រព្យសម្បត្តិ និងបញ្ជូនពួកគេឱ្យទៅធ្វើការនៅតាមព្រំដែន។
ក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី គេឃើញថា អាជ្ញាធរពាក់ព័ន្ធគ្រប់រាជធានីខេត្តទូទាំងប្រទេស បានបើកប្រតិបត្តិការគ្រប់ច្រកល្ហកដើម្បីធ្វើការពិនិត្យស្រាវជ្រាវ និងចុះធ្វើការត្រួតពិនិត្យទំនិញខុសច្បាប់ មកពីថៃចូលមកកម្ពុជាយ៉ាងខ្លាំងក្លា និងបានធ្វើការដកហូតទំនិញខូចគុណភាព និងគេចពន្ធដែលនាំចូលដោយខុសច្បាប់ពីថៃយ៉ាងច្រើនផងដែរ។
ពាក់ព័ន្ធនឹងបញ្ហាទំនិញថៃនេះ សម្តេចតេជោ សង្កត់ធ្ងន់ដែរថា កម្ពុជាបច្ចុប្បន្នមានអ្វីៗស្ទើរតែគ្រប់យ៉ាងហើយ ហេតុអ្វីចាំបាច់នាំចូលទំនិញពីថៃ ដូច្នេះត្រូវតែចាត់វិធានការចំពោះសកម្មភាពនាំចូលខុសច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដោយមិនត្រូវមានការលើកលែងនោះឡើយ៕
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធការនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចតេជោ ក៏បានបញ្ជាក់ថា រយៈពេលមួយឆ្នាំហើយដែលថៃ បានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធបញ្ហាទំនិញនោះទេ។ តែផ្ទុយទៅវិញ ថៃ បានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕






