FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្អែកនេះ! NIEI នាំយកជំនាញសាឡនចល័ត និងស្នាដៃច្នៃប្រឌិតបង្ហាញក្នុង TVET Day ២០២៦

14-06-2026 14:30

(ភ្នំពេញ)៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួម ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ដោយនាំយកកម្មវិធីបណ្តុះបណ្តាលជំនាញ និងស្នាដៃជាក់ស្តែងជាច្រើនមកតាំងបង្ហាញ ដើម្បីផ្សព្វផ្សាយពីឱកាសសិក្សាជំនាញដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការបង្កើតមុខរបរផ្ទាល់ខ្លួន។

លោក ឃុន ប៊ុនថាត ប្រធានផ្នែកទំនាក់ទំនងឧស្សាហកម្ម និងសហប្រតិបត្តិការអន្តរជាតិ នៃវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យដឹងថា វិទ្យាស្ថានបានរៀបចំផែនការយ៉ាងលម្អិតសម្រាប់ការចូលរួមព្រឹត្តិការណ៍នេះ រួមទាំងការត្រៀមស្តង់តាំងបង្ហាញ ការរៀបចំក្រុមការងារ ការផ្សព្វផ្សាយដល់សិស្ស-និស្សិត និងសាធារណជន ព្រមទាំងការត្រៀមសម្ភារៈ និងឧបករណ៍សម្រាប់បង្ហាញជំនាញនានា។

លោកថ្លែងថា៖ «សម្រាប់ TVET Day ឆ្នាំ២០២៦ នេះ NIEI នឹងនាំយកជំនាញ និងផលិតផលសំខាន់ៗមកបង្ហាញ រួមមាន ជំនាញសម្អាងកាយចល័ត (សាឡន) ការផលិតនំ ធុរកិច្ចភេសជ្ជៈ និងការកែច្នៃមីល្ពៅ ដែលសុទ្ធសឹងជាជំនាញមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារបច្ចុប្បន្ន និងអាចបង្កើតចំណូលបានយ៉ាងឆាប់រហ័ស»

លោក ឃុន ប៊ុនថាត បានបញ្ជាក់ថា ចំណុចពិសេសបំផុតរបស់ស្តង់ NIEI ឆ្នាំនេះ គឺការបង្ហាញពី កម្មវិធីបណ្តុះបណ្តាលចល័តផ្នែកសម្អាងកាយ (សាឡន) ដែលអាចចុះបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដើម្បីពង្រីកឱកាសទទួលបានជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកបានបន្ថែមថា ស្នាដៃ និងផលិតផលដែលដាក់តាំងបង្ហាញនៅឆ្នាំនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសមត្ថភាពរបស់សិក្ខាកាមក្នុងការអនុវត្តជំនាញជាក់ស្តែង ដែលអាចបម្រើដល់វិស័យទេសចរណ៍ វិស័យកែច្នៃម្ហូបអាហារ និងវិស័យសេវាកម្ម។ ជំនាញទាំងនេះមិនត្រឹមតែជួយឱ្យសិក្ខាកាមទទួលបានការងារធ្វើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប្រកបអាជីវកម្មដោយខ្លួនឯង និងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។

ក្រៅពីនេះ NIEI ក៏នឹងផ្សព្វផ្សាយអំពីកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី និងការបណ្តុះបណ្តាលចល័ត ដែលផ្តោតលើការផ្តល់ជំនាញប្រកបដោយប្រសិទ្ធភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នឹងប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដោយមានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕