អ្នកជំនាញ៖ ថៃប្រើប្រាស់អំណាចសេដ្ឋកិច្ច ដើម្បីព្យាយាមជះឥទ្ធិពលលើជម្លោះព្រំដែន ប៉ុន្តែបរាជ័យ ដោយសារការអភិវឌ្ឍរីកចម្រើននិងភាពឆ្លាតវៃរបស់កម្ពុជា
14-06-2026 13:06
(បរទេស)៖ ក្នុងបទវិភាគមួយចុះផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ អ្នកជំនាញមួយរូបផ្នែកស្រាវជ្រាវគោលនយោបាយសេដ្ឋកិច្ចតំបន់អាស៉ីគ្នេយ៍ លោក Richard Yarrow បានបង្ហាញពីទស្សនៈយល់ឃើញរបស់លោកផ្ទាល់ ពាក់ព័ន្ធនឹងទិដ្ឋភាពសេដ្ឋកិច្ច ជុំវិញបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ កាលពីឆ្នាំ២០២៥។
លោក Yarrow បានលើកឡើងថា ប្រទេសថៃបានប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនាមជាប្រទេសដែលធំជាង ដើម្បីព្យាយាមចង់ជះឥទ្ធិពលលើលទ្ធផលនៃបញ្ហាទំនាស់ព្រំដែនជាមួយកម្ពុជា ប៉ុន្តែបានទទួលបរាជ័យ ដោយសារតែការអភិវឌ្ឍរីកចម្រើនខ្លាំង បូករួមជាមួយភាពបត់បែន និងឈ្លាយវៃរបស់ប្រទេសកម្ពុជា។
អ្នកជំនាញខាងលើ បានបកស្រាយថា សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ ប្រទេសថៃបានដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ថាមពល ក៏ដូចជាការផ្តល់ឱកាសការងារ សម្រាប់ពលករកម្ពុជា។ ដូច្នេះហើយ វិស័យជាច្រើននៃសេដ្ឋកិច្ចរបស់កម្ពុជា បានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយថៃ ដែលផ្តល់ឱ្យទីក្រុងបាងកក នូវឥទ្ធិពលសេដ្ឋកិច្ចធំលើកម្ពុជាដែលជាប្រទេសតូចជាង។ ការពឹងផ្អែកនេះបាននាំឱ្យថ្នាក់ដឹកនាំនៅប្រទេសថៃ មានអំនួតជឿថា ការដាក់សម្ពាធសេដ្ឋកិច្ចអាចបម្រើជាឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់ អំឡុងជម្លោះកាលពីឆ្នាំមុន។
នៅពេលភាពតានតឹងផ្ទុះឡើង ថៃភ្លាមៗបានដាក់ចេញចំណាត់ការជាច្រើន ចាប់តាំងពីការបិទច្រកព្រំដែន កាត់ផ្តាច់ពាណិជ្ជកម្ម អគ្គិសនី និងអ៉ីនធើណែត រហូតដល់រឹតត្បិតលំហូរប្រេងឥន្ធនៈ ហើយនិងទណ្ឌកម្មហិរញ្ញវត្ថុ។ កម្ពុជាត្រូវបានបង្ខំឱ្យឆ្លើយតបវិញ ជាមួយវិធានការរឹតត្បិតពាណិជ្ជកម្មរបស់ខ្លួនផ្ទាល់ ការធ្វើពហិការចំពោះផលិតផលនានារបស់ថៃ និងការលើកទឹកចិត្តឱ្យពលករចំណាកស្រុក វិលត្រឡប់មកមាតុប្រទេសវិញ។ ចំណាត់ការទាំងអស់នេះ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មឆ្លងដែនធ្លាក់ចុះយ៉ាងខ្លាំង ហើយបង្អាក់សកម្មភាពសេដ្ឋកិច្ចនៅសងខាងព្រំប្រទល់ទាំងពីរ។
អ្នកជំនាញ Richard Yarrow បានលើកឡើងថា ទោះបីប្រឈមនឹងសម្ពាធទាំងនេះពីថៃក្តី កម្ពុជាបានឆ្លងផុតជម្លោះក្នុងស្ថានភាពមួយ ប្រសើរឆ្ងាយជាងអ្វីដែលមនុស្សភាគច្រើនបានរំពឹងទុក។ ស្របពេលដែលស្បៀងអាហារនិងតម្លៃប្រេងបានកើនឡើង កំណើនសេដ្ឋកិច្ចយឺតជាងមុនតិចតួច ហើយគ្រួសារ និងអាជីវកម្មមួយចំនួន ត្រូវរងការខាតបង់ក៏ពិតមែន ប្រទេសកម្ពុជាជារួម បានចៀសផុតពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ បទពិសោធន៍នេះ រំលេចឱ្យឃើញពីដែនកំណត់នៃការប្រើប្រាស់អំណាចសេដ្ឋកិច្ចជាឧបករណ៍ដោយប្រទេសថៃ ខណៈដែលកម្ពុជាមានភាពធន់រឹងមាំជាងការរំពឹងទុក ទោះបីធ្លាប់ពឹងផ្អែកលើថៃយូរមកហើយក្តី។
អ្នកជំនាញរូបនេះបានបន្តថា សមត្ថភាពរបស់កម្ពុជា ក្នុងការជម្នះសម្ពាធសេដ្ឋកិច្ចរបស់ថៃ អំឡុងជម្លោះឆ្នាំ២០២៥ គឺដោយសារតែការប្រែប្រួលរីកចម្រើននៃសេដ្ឋកិច្ច អំឡុងពេលមួយទសវត្សរ៍ចុងក្រោយ។ លោក Yarrow បានកត់សម្គាល់ថា ស្របពេលដែលថៃពីមុនធ្លាប់តែជាដៃគូសេដ្ឋកិច្ចធំជាងគេរបស់កម្ពុជា កម្ពុជាបានបង្កើនការបង្វែរទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធ ទៅរកចិន វៀតណាម ព្រមទាំងដៃគូដទៃទៀត។ បូករួមជាមួយការថយចុះនៃអានុភាពសេដ្ឋកិច្ចរបស់ប្រទេសថៃផ្ទាល់ ហើយនិងការធ្វើពិពិធកម្មចំពោះការនាំចេញ-នាំចូល ការផ្តត់ផ្គង់ថាមពល ឧស្សាហកម្មផលិត បានធ្វើឱ្យកម្ពុជាកាត់បន្ថយបានយ៉ាងច្រើនចំពោះការពឹងផ្អែកទៅលើថៃ។
លោក Richard Yarrow បានគូសរំលេចថា កាលពីអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ ថៃគឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី២ នៅក្នុងតំបន់អាស៊ាន និងអាចនិយាយបានថា ជាប្រទេសដែលមានឧស្សាហកម្មនាំមុខគេចម្រុះ ប៉ុន្តែមកដល់ទសវត្សរ៍ឆ្នាំ២០១០ សេដ្ឋកិច្ចរបស់ថៃ ចាប់ផ្តើមមានសន្ទុះយឺតជាងមុន ដោយថយមកនៅក្រោយវៀតណាម ក្នុងការនាំចេញទំនិញកាលពីឆ្នាំ២០១៩ ហើយធ្លាក់ពីទំហំ១ភាគ១០ នៃ GPD របស់ចិន ក្នុងឆ្នាំ២០០០ មកនៅត្រឹម៣ភាគរយ ក្នុងឆ្នាំ២០២០។
ដោយឡែក សេដ្ឋកិច្ចនិងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា បានផ្លាស់ប្តូរយ៉ាងរហ័ស។ ស្របពេលដែលកម្ពុជា មានទំហំនៃការនាំចេញទំនិញទៅថៃ ចិន និងវៀតណាម ប្រហាក់ប្រហែលគ្នាកាលពីក្នុងឆ្នាំ២០១៥ ការនាំចេញទៅវៀតណាមនិងចិនក៏ដូចជាសហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ ខណៈការនាំចេញទៅថៃគឺនៅទ្រឹង ដោយធ្លាក់មកត្រឹម៣ភាគរយនៃចំនួនសរុប នៅឆ្នាំ២០២៤។ ទន្ទឹមគ្នានោះ ក្រោមការជួយគាំទ្រពីចិន កូរ៉េ ម៉ាឡេស៉ី និងធនាគារពិភពលោក កម្ពុជាមានសមត្ថភាពផលិតអគ្គិសនីបានច្រើនជាងមុខលើសទ្វេដង ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥។ អ្វីដែលសំខាន់មួយទៀត គឺភាពរីកចម្រើនខ្លាំងនៃឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា។
លោក Yarrow បានកត់សម្គាល់ថា ប្រទេសថៃ ហាក់បានគណនាខុសអំពីទំហំដែលកម្ពុជានៅត្រូវពឹងផ្អែកទៅលើខ្លួន។ ថៃបានរំពឹងទុកជាពិសេសថា ការរឹតត្បិតប្រេង នឹងជាឧបករណ៍មានប្រសិទ្ធិភាពជាងគេបំផុត ដោយសារកម្ពុជាពឹងផ្អែកខ្លាំងលើការនាំចូលថាមពល។ យ៉ាងណាមិញ កម្ពុជាបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ក្នុងការធានាបាននូវការផ្គត់ផ្គង់ប្រេងពីប្រភពដទៃ ដូចជាសិង្ហបុរី និងម៉ាឡេស៉ី ជាហេតុនាំឱ្យចំណាត់ការរបស់ថៃ មានផលប៉ះពាល់មិនបានខ្លាំងឡើយ។
ទន្ទឹមគ្នា ជម្លោះកាលពីឆ្នាំមុន ក៏បានជះផលប៉ះពាល់ខ្លាំងផងដែរ លើបណ្តាខេត្តជាប់ព្រំដែននៅភាគខាងលិចកម្ពុជា ជាទីដែលអាជីវកម្ម ទេសចរណ៍ កសិកម្ម និងពលករចំណាកស្រុក ពឹងផ្អែកធំលើប្រទេសថៃ។ បញ្ហាវិវាទព្រំដែនបានបង្ខំឱ្យពលកររាប់សិបម៉ឺននាក់ត្រឡប់មកពីថៃវិញ ហើយការធ្វើពាណិជ្មកម្មជាមួយតំបន់ព្រំប្រទល់ថៃ បានដួលរំលំ។ ទោះជាបែបនេះក៏ដោយ ការគាំទ្រយ៉ាងសស្រាក់សស្រាំរបស់រដ្ឋាភិបាលកម្ពុជា ស្មារតីជាតិនិយមយ៉ាងរឹងមាំ ភាពបត់បែននៃទីផ្សារការងារ និងការដែលពលករចំណាកស្រុកជាច្រើន មានសមត្ថភាពរកការងារថ្មីធ្វើឆាប់រហ័ស បានជួយទប់ស្កាត់អស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច ដែលអាចរាលដាលធំជាងនេះ។ ជាលទ្ធផល ការប៉ះពាល់គឺមិនបានធ្ងន់ធ្ងររហូតធ្វើឱ្យសេដ្ឋកិច្ចជាតិជារួមរបស់កម្ពុជា ចុះទន់ខ្សោយនោះឡើយ។
ជាចុងក្រោយ លោក Richard Yarrow បានលើកឡើងថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានឆ្លុះបញ្ចាំងឱ្យឃើញថា សម័យបច្ចុប្បន្ន គឺវាពិបាកសម្រាប់ប្រទេសមួយនៅតំបន់អាស៊ាន អាចដាក់សម្ពាធសេដ្ឋកិច្ចលើប្រទេសមួយទៀត ដើម្បីបង្ខំឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាន ដោយសារប្រទេសក្នុងតំបន់ សូម្បីប្រទេសតូចមានចំណូលទាបដូចជាកម្ពុជាក៏ដោយ គឺចេះបត់បែន មានការតភ្ជាប់ច្រើន ហើយមានសមត្ថភាពសម្របខ្លួនតាមកាលៈទេសៈ ប្រសើរឆ្ងាយជាងកាលពីអតីតកាល៕



