កម្លាំងគណៈអភិបាលរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងសង្ស័យបទល្មើស Online Scam ចំនួន៩២កន្លែង រកឃើញជនបរទេស៣៣៣នាក់ ក្នុងនោះពុំមានលិខិតឆ្លងដែន១១នាក់
13-06-2026 15:44
(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងស ណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន៩២ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅ សរុបចំនួន ៣៣៣នាក់ (ស្រី ១២៨នាក់) ពុំមានលិខិតឆ្លងដែន ១១នាក់។
ក្នុងនោះក្រុមការងារបានពិនិត្យឃើញមានបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ១ករណី។ នេះបើតាមការឱ្យដឹងពីសំណាក់លោកស្រី ដោ សម្ផស្ស នាយករង រដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
លោកស្រីបានបន្តថា ក្រោយទទួលបានការរាយការណ៍ពី ម្ចាស់ផ្ទះជួល គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានចុះត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ដោយបានឃាត់ខ្លួន ជនសង្ស័យជាស្ត្រីចំនួន ៣នាក់ ជនជាតិខ្មែរ ព្រមជាមួយ សម្ភារមួយចំនួន រួមមាន៖ កុំព្យូទ័រ all in one ចំនួន ៥គ្រឿង ម៉ូនីទ័រកុំព្យូទ័រ ១គ្រឿង ទូរស័ព្ទបម្រើឱ្យបទល្មើសចំនួន ៣៤គ្រឿង ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ៤គ្រឿង និងម៉ូតូ Honda dream ចំនួន ១គ្រឿង។
ក្រោយប្រតិបត្តិការ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធី។
លោកស្រីអ្នកនាំពាក្យ ក៏បានបន្ថែមទៀតថា ក្នុងថ្ងៃដដែលនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាក ពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំតាមអ នុក្រឹត្យលេខ ០៣ សរុបចំនួន ២ទីតាំង មនុស្សចំនួន ២នាក់ គិតជាថវិកាសរុបបានចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀ ល)៕












































