ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បំភ្លឺថា កម្ពុជាចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខសាធារណៈ
13-06-2026 15:37
(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខសាធារណៈ។
ការចេញសេចក្តីបំភ្លឺ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នះ បន្ទាប់ពី មានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថ្មីៗ រួមទាំងអត្ថបទដែលបានចុះផ្សាយដោយ Nikkei Asia និង The Japan Times ដែលដកស្រង់របាយការណ៍របស់អង្គការ Amnesty International បានលើកឡើងនូវសំណួរទាក់ទងនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅកម្ពុជា។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានស្វាគមន៍ចំពោះការពិភាក្សាក្នុងន័យស្ថាបនាលើបញ្ហាសំខាន់នេះ និងបានផ្តល់បរិបទបន្ថែមទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់កម្ពុជាក្នុងការប្រយុទ្ធ ប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។
សេចក្តីបំភ្លឺ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្មឆ្លងដែនដែលមានការរៀបចំ ថាជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខសាធារណៈ ស្ថិរភាពសេដ្ឋកិច្ច និងសេចក្តីថ្លៃថ្នូររបស់មនុស្ស»។
បើតាមសេចក្តីបំភ្លឺដដែល ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការប្រយុទ្ធប្រឆាំងនឹង ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាអាទិភាពជាតិ និងត្រូវបានអនុវត្តក្រោមគោល នយោបាយគ្មានការអត់ឱនយ៉ាងម៉ឺងម៉ាត់៕








