FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អៀង មូលី រម្លឹកប្រសាសន៍សម្តេចតេជោ៖ «ការប្រយុទ្ធជំងឺអេដស៍នៅកម្ពុជា ដូចជាមនុស្សម្នាក់ ធ្វើចលនារង្គើរពីសក់ក្បាលរហូតដល់ចុងជើង», រហូតកម្ពុជា សម្រេចគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥

12-06-2026 20:48

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរម្លឹកប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានរម្លឹកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា លោកតែងតែមានប្រសាសន៍ពេលជួបថ្នាក់ដឹកនាំអង្គការ UNAIDS ថា ការប្រយុទ្ធជំងឺអេដស៍នៅកម្ពុជា ដូចជាមនុស្សម្នាក់ ដែលធ្វើចលនារង្គើរពីសក់ក្បាលរហូតដល់ចុងជើង គឺគ្រប់កន្លែងត្រូវកំរើកទាំងអស់ រហូតកម្ពុជា សម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥។

ការរម្លឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ពីសំណាក់ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា, ថ្នាក់ដឹកនាំក្រសួងសុខាភិបាល, ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ, លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និង អាស៊ីកណ្តាល ធ្វើសន្និសីទសារព័ត៌មាន ស្ដីអំពីជោគជ័យរបស់កម្ពុជា ជាប្រទេសដំបូងគេនៅអាស៊ី-ប៉ាស៊ីហ្វិក ដែលបានសម្រេចគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការព្យាបាលមេរោគអេដស៍។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរម្លឹកយ៉ាងដូច្នេះថា៖ «ខ្ញុំចាំសម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍ពេលជួបថ្នាក់ដឹកនាំ UNAIDS លោកថា ការប្រយុទ្ធជំងឺអេដស៍នៅកម្ពុជា ដូចជាមនុស្សម្នាក់ ដែលធ្វើចលនារង្គើរពីសក់ក្បាលរហូតដល់ចុងជើង គឺគ្រប់កន្លែងត្រូវកំរើកទាំងអស់។ អានេះហើយ គឺជាជោគជ័យរបស់យើង»

ទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៅកម្ពុជា ដែលបន្តទទួលបានជោគជ័យនេះ ចំណុចសំខាន់បំផុត គឺការប្តេជ្ញាចិត្តផ្នែកនយោបាយ ដែលដាក់ចេញពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់បន្តវេនដឹកនាំប្រទេសជាតិពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានឱ្យដឹងថា កាលកំឡុងឆ្នាំ១៩៩៧ កម្ពុជា ជាប្រទេសមួយដែលមានអត្រាឆ្លងជំងឺអេដស៍ ច្រើនជាងគេ ពោលគឺក្នុង១ឆ្នាំ មានប្រជាពលរដ្ឋឆ្លងជំងឺអេដស៍ចន្លោះ ១៥ ០០០នាក់ ឬឆ្នាំខ្លះឡើងដល់ជាង២ម៉ឺននាក់។ ខណៈបច្ចុប្បន្ននេះ ក្រោមការដឹកនាំ និងការតាំងចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធកម្ពុជា បានកែប្រែទៅជាប្រទេសឈានមុខគេ ក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍។

ឆ្នាំ២០២៦នេះ ក៏ជាឆ្នាំរំលឹកខួប ៣០ឆ្នាំ នៃការគាំទ្ររបស់អង្គការ UNAIDS ចំពោះការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា។ នេះជារយៈពេល ៣ទសវត្សរ៍នៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល សហគមន៍ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នករស់នៅជាមួយមេរោគអេដស៍ និងរងផលប៉ះពាល់ដោយសារមេរោគអេដស៍។

គោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលបានការ ព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត។

គួរបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ៧តែប៉ុណ្ណោះ នៅទូទាំងពិភពលោក ដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់ ៣ឆ្នាំ៕