FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមនិស្សិតកម្ពុជា យកឈ្នះក្រុមនិស្សិតថៃ ក្នុងការប្រកួតប្រកួតជជែកពិភាក្សាដេញដោលថ្នាក់តំបន់អាស៊ី នៅជប៉ុន និងជាប់ក្នុងចំណោមក្រុមខ្លាំងទាំង ៤ នៅអាស៊ី

12-06-2026 17:05

(ភ្នំពេញ)៖ ក្រុមនិស្សិតនៃវិទ្យាស្ថាន ខេមអេដ (CamEd Business School) បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងឆាកអន្តរជាតិ ដោយទទួលបានជ័យជម្នះលើក្រុមនិស្សិតមកពីប្រទេសថៃ ក្នុងការប្រកួតជជែកពិភាក្សាដេញដោលថ្នាក់តំបន់អាស៊ី JCI (JCI Asian Debate Championships) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសជប៉ុន។

យោងតាមលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងជាស្ថាបនិកវិទ្យាស្ថាន CamEd នៅលើបណ្ដាញសង្គមបានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងលើប្រធានបទ «ភាពត្រឹមត្រូវផ្នែកនយោបាយ និងការសន្ទនាដោយស្មោះត្រង់» (Political Correctness and Honest Conversations) ដែលជាប្រធានបទសំខាន់ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទង និងទស្សនៈសង្គមក្នុងសម័យបច្ចុប្បន្ន។

ជាមួយនឹងលទ្ធផលដ៏គួរឱ្យមោទនភាពនេះ ក្រុមនិស្សិតខេមអេដ បានឈានចូលក្នុងចំណោម ក្រុមខ្លាំងបំផុតទាំង ៤ ប្រចាំតំបន់អាស៊ី និងកំពុងបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រកួតប្រជែងដណ្តើមជ័យលាភីបន្តទៀត។ សមាជិកក្រុមនិស្សិតខេមអេដ ដែលបានចូលរួមក្នុងការប្រកួតនេះ រួមមាន កញ្ញា ស្លេៈ រ៉យ្យ៉ាន, កញ្ញា អ៊ុង ខេមរាបូរមីច័ន្ទ និងលោក ធានសឿង ស៊ាន។

សមិទ្ធផលនេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពផ្នែកការគិតវិភាគ ការនិយាយជាសាធារណៈ និងការជជែកដេញដោលរបស់យុវជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់កិត្តិយសជាតិ និងបង្ហាញពីសក្តានុពលរបស់និស្សិតកម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕