ជំនួបសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជាមួយប្រធានរដ្ឋវៀតណាម, កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (Video inside)
10-06-2026 07:24
(ហាណូយ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក តូ ឡឹម (To Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ប្រធានរដ្ឋវៀតណាម បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ឆាប់រហ័ស នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះ, លោកក៏បានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមនៅប្រទេសកម្ពុជា និងការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណបក្ស នៅប្រទេសកម្ពុជា កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។
លោកក៏បានគូសបញ្ជាក់ពីការគាំទ្រដល់ការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម-ឡាវ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ក៏ដូចជាបន្តធ្វើការរួមគ្នា ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ដើម្បីរួមចំណែករក្សាសន្តិភាព និងសន្តិសុខ។
ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរវៀតណាមចំពោះការរៀបចំវេទិកាអនាគតអាស៊ាន លើកទី៣ ដ៏មានសារៈសំខាន់នេះ ក្នុងបរិបទពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
បន្ថែមលើនេះ សម្ដេចធិបតី បានសម្ដែងការរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងជាប្រពៃណីកម្ពុជា-វៀតណាម ទោះបីជាពិភពលោកមានការប្រែប្រួលឆាប់រហ័ស និងប្រឈមមុខនឹងភាពមិនប្រាកដប្រជាក៏ដោយ។
ក្នុងន័យនេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌ កម្ពុជា-វៀតណាម និងក្របខ័ណ្ឌ កម្ពុជា-ឡាវ-វៀតណាម ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសនីមួយៗ។
សម្ដេចធិបតី និងប្រធានរដ្ឋវៀតណាម ក៏បានបន្តពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ ក៏ដូចជាការតភ្ជាប់រវាងប្រជាជននិងប្រជាជន ជាពិសេសយុវជន៕







