រដ្ឋមន្រ្តី ហេង សួរ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ
05-06-2026 16:01
(កំពង់ស្ពឺ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ឯ.ក (Aroma Success Garment Co., Ltd.) ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ដែលជារោងចក្រមួយអនុវត្តវប្បធម៌អនុលោមភាពតាមច្បាប់ស្តីពីការងារបានល្អប្រសើរ។
ការអញ្ជើញចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនាពេលនេះ គឺជាឱកាសមួយដ៏មានសារៈសំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការសាកសួរសុខទុក្ខដោយផ្ទាល់ និងឈ្វេងយល់ពីស្ថានភាពការងារប្រចាំថ្ងៃពួកគាត់ ដើម្បីផ្តល់ជូនដំណោះស្រាយជាបន្តបន្ទាប់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់ សម្តេចតេជោ និងទាំង១០ចំណុចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងបានប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខបងប្អូនកម្មករនិយោជិត និងគិតគូរធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនកាន់តែប្រសើរឡើង។ លោកក៏បានជម្រាបជូនពីការប្រឹងប្រែងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានាឱ្យមានសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ដោយបង្កើននូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រ សហគ្រាស រួមគ្នាដោះស្រាយរាល់បញ្ហា សំណូមពរ ចៀសវាងនូវវិវាទការងារដែលនាំដល់ការធ្វើកូដកម្មខុសនីតិវិធីច្បាប់។ ក្នុងករណីមានបញ្ហាដែលពិបាកដោះស្រាយ ឬមិនច្បាស់លាស់លើចំណុចណាមួយនៅកន្លែងការងារ សូមទាក់ទងជាបន្ទាន់មកលេខ ១២៨៦ ដើម្បីក្រុមមន្រ្តីផ្សះផ្សាវិវាទរបស់ក្រសួង ឬមន្ទីរការងារ ចុះសម្របសម្រួល ឬពន្យល់ជូន និងលេខ ១២៩៧ សម្រាប់ព័ត៌មានឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ។ លោកក៏បានលើកទឹកចិត្តឱ្យមានការចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃតាមរយៈកម្មវិធី TVET ១,៥លានផងដែរ។
លោក ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់រោងចក្រដែលបានផ្តល់ឱកាសការងារ និងអនុវត្តវប្បធម៌អនុលោមភាពតាមច្បាប់ស្តីពីការងារបានល្អ ដែលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបាននូវការងារសមរម្យ ហើយបងប្អូនកម្មករនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន រួមទាំងអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ។ ដំណើរការច្រវាក់ផលិតកម្មរបស់រោងចក្រក៏ទំនើបដោយមានប្រព័ន្ធស្វ័យប្រវត្តិកម្ម (Automation) តាមផ្នែកនីមួយៗ និងកន្លែងការងារមានផាសុកភាព ខណៈដែលលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារនៅរោងចក្រក៏មានស្តង់ដាខ្ពស់។
ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនេះ បងប្អូនកម្មករនិយោជិតបានសម្តែងនូវសេចក្តីត្រេកអរយ៉ាងក្រៃលែងចំពោះវត្តមាននៃ ថ្នាក់ដឹកនាំក្រសួង ដែលពិតជាបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅដល់បងប្អូន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី។
សូមបញ្ជាក់ថា អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ដែលបានបើកដំណើរការកាលពីឆ្នាំ ២០២៣ គឺជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ផ្គត់ផ្គង់ម៉ាកល្បីៗ ដូចជា៖ ម៉ាក Alo, Nike, Vuori, Lulu និង Adanola សម្រាប់ទីផ្សារនៅ សហរដ្ឋអាម៉េរិក ចិន អូស្ត្រាលី កាណាដា ហូឡង់ អង់គ្លេស និងកូរ៉េខាងត្បូង។ បច្ចុប្បន្នមានកម្មករនិយោជិតបំពេញការងារចំនួន ២ ៦៥១ នាក់ (ស្រី ២ ២៨៥ នាក់) ដែលទទួលបានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដែលរួមមានទាំង កន្លែងសម្រាប់កម្មករនិយោជិតទទួលទានអាហារ និងផ្តល់អាហារថ្ងៃត្រង់ជាមួយនឹងបង្អែមដោយឥតគិតថ្លៃផងដែរ៕














