FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលវាយតម្លៃ RPL បាត់ដំបង៖ RPL ជួយបំប្លែងបទពិសោធការងាររបស់អតីតពលករ ឱ្យក្លាយជាវិញ្ញាបនបត្រផ្លូវការ និងជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរ

05-06-2026 10:58

(បាត់ដំបង)៖ ការធ្វើតេស្តទទួលស្គាល់ការសិក្សាដែលមានពីមុន (RPL) មិនត្រឹមតែជាយន្តការដ៏សំខាន់មួយក្នុងការទទួលស្គាល់ចំណេះដឹង ជំនាញ និងបទពិសោធការងារដែលបេក្ខជនមានស្រាប់ ឱ្យក្លាយជាវិញ្ញាបនបត្រជាតិផ្លូវការនោះទេ ប៉ុន្តែវាក៏ជាកូនសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរឡើងផងដែរ។ នេះបើតាមលោក អ៊ុកវង្ស ឌីនីកា តំណាងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព RPL វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៅថ្ងៃទី៥ ខែមិថុនានេះ។

លោកបញ្ជាក់ថា៖ «RPL មិនត្រឹមតែទទួលស្គាល់ជំនាញដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបំប្លែងបទពិសោធការងាររបស់អតីតពលករ ឱ្យក្លាយជាវិញ្ញាបនបត្រផ្លូវការ ដែលជាសោបើកទ្វារទៅកាន់ការងារ ជំនាញ និងប្រាក់ចំណូលកាន់តែប្រសើរនាពេលអនាគត»។

បើតាមលោក អ៊ុកវង្ស ឌីនីកា ក្នុងរយៈពេលជិត ២ខែ នៃការអនុវត្តកម្មវិធីទទួលស្គាល់ជំនាញពីបទពិសោធការងារ (RPL) មជ្ឈមណ្ឌល RPL នៃវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) បានធ្វើតេស្តវាយតម្លៃសមត្ថភាពជូនអតីតពលករ និងប្រជាពលរដ្ឋដែលមានជំនាញស្រាប់ចំនួន ១៨៥នាក់ ក្នុងនោះមានស្ត្រី ១២នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការស្របតាមស្តង់ដារជាតិ។

ប្រភពដដែលបានបន្តថា គិតចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មជ្ឈមណ្ឌលបានផ្តោតលើការធ្វើតេស្តជំនាញក្នុងវិស័យសំណង់ចំនួន ៨មុខជំនាញ ជាពិសេសសម្រាប់បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងមានបទពិសោធការងារជាក់ស្តែង។

ដើម្បីជួយសម្រួលដល់បេក្ខជនធ្វើតេស្ត មជ្ឈមណ្ឌលបានរៀបចំបរិយាកាសប្រឡងប្រកបដោយភាពងាយស្រួល និងផ្តល់ការគាំទ្រជាច្រើន ដូចជាផ្តល់ថវិកាឧបត្ថម្ភថ្លៃធ្វើដំណើរសម្រាប់បេក្ខជនដែលរស់នៅឆ្ងាយចាប់ពី ៤០គីឡូម៉ែត្រឡើងទៅ ផ្គត់ផ្គង់ទឹកបរិសុទ្ធ និងមានក្រុមការងារជួយសម្របសម្រួលតាំងពីការផ្សព្វផ្សាយព័ត៌មាន ការចុះឈ្មោះ រហូតដល់ដំណើរការធ្វើតេស្ត។

សូមបញ្ជាក់ថា អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ មានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ និងមានបទពិសោធការងារជាក់ស្តែង អាចដាក់ពាក្យចូលរួមធ្វើតេស្តបានដោយមិនមានការរើសអើងលើភេទ ឬពិការភាពឡើយ។ ការចុះឈ្មោះអាចធ្វើឡើងតាមរយៈក្រុមការងារចុះដល់មូលដ្ឋាន មកផ្ទាល់នៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ឬទាក់ទងតាមលេខ ០៥៣ ៧៣២ ៥៣៥ ឬ ប្រព័ន្ធ Hotline ១២៩៧ និងប្រព័ន្ធអនឡាញ erpl.mlvt.gov.kh៕