FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅ​បន្ទប់​ជួលយីហោ​ «ហេង​ ស៊ុនហេង» នៅ​ក្រុង​បាវិត

04-06-2026 14:55

(ស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង កាលថ្ងៃទី២ ខែ​មិថុនា​ ឆ្នាំ​២០២៦​ កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហាផ្ទៃ​ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ក្រោមការសម្របសម្រួលពីលោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ស្រាវជ្រាវ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅចំណុច​បន្ទប់​ជួលយីហោ​ «ហេង​ ស៊ុនហេង» ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រតិបត្តិការនេះកម្លាំងនគរបាល បាន​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន៧៣នាក់ (ស្រី៣១នាក់) រួមមាន៖ ជនជាតិ​វៀតណាម​ ៥៦នាក់​ (ស្រី​២៣នាក់), ជនជាតិ​ចិន​ ១៣នាក់​ (ស្រី​៥នាក់​) និង​ជនជាតិ​ខ្មែរ ៤នាក់ (ស្រី​ ៣នាក់)។

ជាមួយកម្លាំងនគរបាល បានដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន៖ កំព្យូទ័រលើតុ All-In-One, ​កុំព្យូទ័រ​យួរដៃ​, ម៉ូនី​ទ័រ​, ធុង​CPU​, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទសៀលជា​បណ្ដោះអាសន្ន​៕