ក្រសួងការងារ៖ មន្ត្រីជំនាញរបស់ក្រសួងកំពុងជួយអន្តរាគមន៍ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្វាយរៀង បណ្តាលឱ្យកម្មករ ២៧នាក់រងរបួស
04-06-2026 14:32
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួងដែលមានទាំងមន្ទីរការងារ និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធបាននិងកំពុងជួយអន្តរាគមន៍ជួយបញ្ជូនបងប្អូនដែលរងគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ។
បើតាមអ្នកនាំពាក្យរូបនេះ បានបន្ដថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងក្នុងភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បណ្តាលមកពីការដាច់ហ្វ្រាំង ដែលធ្វើឱ្យក្រឡាប់ និងធ្វើឱ្យកម្មករចំនួន ២៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់៥នាក់ និងស្រាល ២២នាក់។
ក្នុងស្មារតីយកចិត្តទុកដាក់ដល់បងប្អូនកម្មករ ក្រុមការងារជំនាញរបស់ ក្រសួង បន្តយកចិត្តទុកដាក់តាមដាន និងសម្របសម្រួល ជាមួយមន្ទីរពេទ្យជាប្រចាំ។ នេះបើតាមលោក ស៊ុន មេសា ដដែល។
ជាមួយគ្នានេះ លោក ស៊ុន មេសា បានអំពាវនាវយ៉ាងទទួចឱ្យគោរពច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមុនពេលធ្វើដំណើរ និងយោគយល់គ្នាជាទីបំផុតលើដងផ្លូវ ដើម្បីកុំឱ្យកម្មករដែលជាអ្នកប្រើប្រាស់សេវាបន្តក្លាយជាជនរងគ្រោះ៕






