Reuters និងទីភ្នាក់ងារព័ត៌មានធំៗ ចុះផ្សាយពីកម្ពុជាចាប់ផ្តើមនីតិវិធីដោះស្រាយវិវាទដែនសមុទ្រជាមួយថៃ ក្រោមយន្តការរបស់អង្គការសហប្រជាជាតិ
02-06-2026 21:27
(បាងកក)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters និងបណ្តាញព័ត៌មានអន្តរជាតិធំៗជាច្រើន បានចុះផ្សាយព្រមៗគ្នានៅថ្ងៃអង្គារនេះ អំពីការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមច្បាប់អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយលើវិវាទព្រំដែនសមុទ្រដ៏រ៉ាំរ៉ៃជាមួយប្រទេសថៃ ដោយបានជូនដំណឹងជាផ្លូវការទៅកាន់អង្គការសហប្រជាជាតិ (UN) និងទីក្រុងបាងកករួចរាល់ហើយ។
យោងតាមការចុះផ្សាយរបស់ Reuters ចំណាត់ការរបស់កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីខែមុន បានសម្រេចចិត្តជាឯកតោភាគីក្នុងការលុបចោលអនុស្សរណៈយោគយល់គ្នា (MoU) ឆ្នាំ២០០១ ដែលជាក្របខណ្ឌតែមួយគត់ សម្រាប់ការចរចាលើតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងចាត់វិធានការនេះ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ»។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ លោក អានុទិន ឆានវីរ៉ាគុន (Anutin Charnvirakul) ឯណោះវិញ បានអះអាងថាលោកមិនទាន់បានដឹងពីដំណើរការនេះនៅឡើយទេ ហើយថៃក៏មិនទាន់កំណត់ពេលវេលាដើម្បីបន្តនីតិវិធីនេះដែរ។
គួរបញ្ជាក់ថា យោងតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នីតិវិធីផ្សះផ្សាដោយបង្ខំ អនុញ្ញាតឱ្យក្រុមអ្នកជំនាញឯករាជ្យធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍ ទោះបីជាលទ្ធផលមិនមានតម្លៃចាប់បង្ខំផ្លូវច្បាប់ក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ឱ្យធ្វើជាតំណាងអមដោយអ្នកសម្របសម្រួលបរទេសចំនួនពីររូប ខណៈដែលភាគីថៃមានពេល ២១ថ្ងៃ ដើម្បីតែងតាំងអ្នកសម្របសម្រួលរបស់ខ្លួនចំនួនពីររូប មុននឹងជ្រើសរើសប្រធានគណៈកម្មការមួយរូប ក្រោមការត្រួតពិនិត្យពីអគ្គលេខាធិការ UN។
តំបន់ត្រួតស៊ីគ្នា (OCA) កម្ពុជា-ថៃ មានទំហំប្រមាណ ២៦,០០០គីឡូម៉ែត្រការ៉េ ដែលត្រូវបានគេប៉ាន់ប្រមាណថាមានផ្ទុកឧស្ម័នធម្មជាតិជិត ១២ទ្រីលានម៉ែត្រគូប និងប្រេងឆៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមានតម្លៃសរុបប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតន: ធ្លាប់បានប្រាប់ Reuters ថា វិបត្តិប្រេងសកលដែលបង្កឡើងដោយសង្គ្រាមនៅអ៊ីរ៉ង់ បានជំរុញឱ្យមានភាពចាំបាច់បន្ទាន់ក្នុងការដោះស្រាយវិវាទនេះ ដើម្បីទាញយកធនធានថាមពលក្រោមបាតសមុទ្រ៕

