FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ឈាង រ៉ា៖ សេវាសុខាភិបាល បានអភិវឌ្ឍន៍ទៅមុខ ដោយសារអង្គភាព តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំទៅនឹងការអនុវត្តជាក់ស្តែង

02-06-2026 21:30

(ភ្នំពេញ)៖ ក្នុងឳកាសដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom) សរុបចំនួន ៣១១៥ នាក់, លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា សេវាសុខាភិបាល បានអភិវឌ្ឍន៍ទៅមុខ ដោយសារអង្គភាពសុខាភិបាល តែងតែផ្សារភ្ជាប់គោលការណ៍ដឹកនាំទៅនឹងការអនុវត្តជាក់ស្តែង។

វគ្គបណ្តុះបណ្តាលដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកយក ២ចំនុច ទាក់ទងនឹងកម្រិតអន្តរាគមន៍សម្រាប់រៀបចំការងារ (organizational interventions) ដែលមានទាំងទិដ្ឋភាពខាងក្រៅ (សំដៅដល់ការរៀបចំផ្តល់សេវាដែលមានគុណភាព និង មានលក្ខណៈងាយស្រួលសម្រាប់អ្នកមកទទួលសេវាគ្រប់គ្នា) និងទិដ្ឋភាពខាងក្នុង (ដែលជាការងាររបស់អង្គភាពសុខាភិបាលដើម្បីចាត់ចែងការងារឱ្យកាន់តែបានរហ័យនិងមានសាកសិទ្ធភាព មានគណនេយ្យភាព និងមាននិយាមបច្ចេកទេសច្បាស់លាស់)។

ក្នុងវគ្គបណ្តុះបណ្តាលខាងលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានពាំនាំយកនូវការកោតសរសើរនិងមតិផ្តាំផ្ញើរពីថ្នាក់ដឹកនាំកំពូល នៃរាជរដ្ឋាភិបាលកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានរួបរួមគ្នាធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាល។

ជាការឆ្លើយតបទៅនឹងការលើកទឹកចិត្តពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្រ្តីសុខាភិបាលបានប្តេជ្ញាចិត្តរក្សាឱ្យបាន នូវកិត្តិយសនេះដោយពង្រឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ និងភាពមានវិជ្ជាជីវៈ ក្នុងចក្ខុវិស័យលើកតម្កើងភាពថ្លៃថ្នូររបស់វិជ្ជាជីវៈសុខាភិបាល។

សូមជម្រាបថាក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការធ្វើបទបង្ហាញពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្តមានជ័យ ពីចក្ខុវិស័យក្នុងការឈានឆ្ពោះការទទួលបានការទទួលស្គាល់គុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្ត។ បទបង្ហាញនេះក៏បានឆ្លុះបញ្ចាំងពីការប្រើប្រាស់ភាពជាអ្នកដឹកនាំ ក្នុងមន្ទីរពេទ្យតាមរយៈការកំណត់ចក្ខុវិស័យ គោលដៅ បេសកកម្ម គុណតម្លៃសម្រាប់មន្ទីរពេទ្យ បុគ្គលិក និងការរៀបចំគម្រោងផ្សេងៗ ដើម្បីមន្ទីរពេទ្យឆ្ពោះទៅរកការទទួលស្គាល់គុណភាពសេវានាពេលខាងមុខ៕