កម្ពុជា-ឥណ្ឌា ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដំណាក់កាលទី១ ដែលឥណ្ឌាស្កេនខេអេចឃ្យូអរកូត នៅប្រទេសកម្ពុជាបាន
02-06-2026 21:02
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ដំណាក់កាលទី១ ដែលឥណ្ឌាអាចស្កេនខេអេចឃ្យូអរកូតនៅប្រទេសកម្ពុជា។ ការដាក់ដំណើរការជាផ្លូវការនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូត របស់អាជីវករប្រមាណជាង៤,៥លានទីតាំងនៅទូទាំងប្រទេសកម្ពុជា។
ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ធ្វើឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Vanlalvawna Bawitlung ឯកអគ្គរាជទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីលោក Saswat Kumar Mahapatra ប្រធានគ្រប់គ្រងទូទៅ ធនាគារកណ្ដាលឥណ្ឌា និងតំណាងក្រសួងទេសចរណ៍ សមាគមពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ និងបដិសណ្ឋារកិច្ច គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់អាហារដ្ឋានឥណ្ឌានៅកម្ពុជា សរុបប្រមាណ១៩០រូប។
ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវាតាមខេអេចឃ្យូអរកូត របស់អាជីវករប្រមាណជាង៤,៥លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័ត របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព ស្របពេលដែលកម្ពុជា កំពុងមានកំណើនភ្ញៀវទេសចរឥណ្ឌា។
លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ស្របពេលដែលមានកំណើនភ្ញៀវទេសចរឥណ្ឌាមកកម្សាន្តនៅកម្ពុជា ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកួតដំណាក់កាលទី១នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការ សម្រួលឱ្យប្រជាជនឥណ្ឌា ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចស្តេនទូទាត់ថ្លៃទំនិញនិងសេវា តាមខេអេចយ្យអរកួត របស់អាជីវករប្រមាណជាង៤,៥លានទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅប្រទេសឥណ្ឌា ប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាព។
ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែននេះនឹង ពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេស កាន់តែទូលំទូលាយ សំដៅគាំទ្រការបង្កើតកាលានុវត្តភាព និងបង្កើនសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសទាំងពីរ។
គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែននេះ សម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការ រវាងបណ្តាញទូទាត់ជាតិ NIPL នៃប្រទេសឥណ្ឌា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារ ទំនាក់ទំនងនៅកម្ពុជា។ គំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងទូទាត់ឆ្លងដែននេះ ឆ្លុះបញ្ចាំងពី ទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា នៅលើពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយប្រទេសជាដៃគូនានា ស្របពេលដែលកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់អាស៊ាន។
សមិទ្ធផលដែលសម្រេចបាននាពេលនេះ សបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងវិស័យ សាធារណៈ និងវិស័យឯកជន ក្នុងការពង្រឹងទំនាក់ទំនង ការទូតរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ឱ្យកាន់តែជិតស្និទ្ធ រួមចំណែកគាំទ្រ ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ និងជាពិសេសជំរុញឱ្យមានការផ្លាស់ប្តូរ និងចែករំលែកបច្ចេកវិទ្យាឌីជីថលប្រកបដោយនវានុវត្តន៍៕












