FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្តមានថ្នាក់ដឹកនាំធនាគារកណ្តាលបរទេសជាច្រើនរូបនៅកម្ពុជា បង្ហាញពីភាពលេចធ្លោរបស់កម្ពុជា លើឆាកអន្តរជាតិ

02-06-2026 20:57

(ភ្នំពេញ)៖ សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ដែលប្រមូលផ្តុំដោយថ្នាក់ដឹកនាំ ធនាគារកណ្តាលប្រមាណជិត ៣០ ស្ថាប័ន នៅរាជធានីភ្នំពេញ សបញ្ជាក់ច្បាស់ថា មជ្ឈដ្ឋានអន្តរជាតិបានទទួលស្គាល់ពីភាពលេចធ្លោ របស់កម្ពុជាលើឆាកអន្តរជាតិលើការអនុវត្តនយោបាយរូបិយវត្ថុ។

ព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់នេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានវត្តមានឥស្សរជនជាថ្នាក់ដឹកនាំធនាគារកណ្តាលធំៗចំនួន ២៦ ស្ថាប័ននៃបណ្តាប្រទេសនិយាយភាសាបារាំង លើពិភពលោក ជាពិសេស លោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (European Central Bank - ECB) និងលោក François VILLEROY DE GALHAU ទេសាភិបាល ធនាគារកណ្តាលបារាំង និង លោក Marc-André Gosselin ទេសាភិបាលរង ធនាគារកណ្តាលកាណាដា។

ក្រៅពីនេះ សន្និសីទនេះក៏មានវត្តមានចូលរួម ពីថ្នាក់ដឹកនាំធនាគារកណ្តាលនៃប្រទេសផ្សេងៗទៀតនៅទ្វីបអឺរ៉ុប អាមេរិក អាហ្វ្រិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិកផងដែរ ប្រទេសបែលហ្ស៊ិក ម៉ាដាហ្គាស្កា និង ប្រទេសម៉ុលដូវ៉ាជាដើម។

តាមការកត់សម្គាល់ ការជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងរៀបចំសន្និសីទអន្តរជាតិនេះមិនមែនជារឿងចៃដន្យនោះទេ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វិស័យហិរញ្ញវត្ថុកម្ពុជាមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ប្រព័ន្ធទូទាត់ឌីជីថលបានពង្រីកយ៉ាងរហ័ស បរិយាបន្នហិរញ្ញវត្ថុបានកើនឡើងយ៉ាងច្បាស់លាស់ ហើយនវានុវត្តន៍ដូចជា ប្រព័ន្ធទូទាត់ បាគង បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។

ធនាគារជាតិនៃកម្ពុជាបានបន្តរក្សាបាននូវស្ថិរភាពអត្រាប្តូរប្រាក់ អតិផរណាក្នុងកម្រិតអាចគ្រប់គ្រងបាន និងទុនបម្រុងអន្តរជាតិស្ថិតនៅកម្រិតខ្ពស់គ្រប់គ្រាន់ ស្របគ្នានឹងការពង្រីកវិសាលភាពនៃបរិយាបន្ន ហិរញ្ញវត្ថុកាន់តែទូលំទូលាយដល់គ្រប់ស្រទាប់នៃអ្នកប្រើប្រាស់ និងអាជីវករ តាមរយៈការបង្កើន និង
ការពង្រឹងការផ្តល់សេវាកម្មហិរញ្ញវត្ថុផ្លូវការឱ្យកាន់តែសម្បូរបែបថែមទៀត ពីសំណាក់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលមានចំនួនកាន់តែច្រើន។ មិនត្រឹមតែប៉ុណ្ណេះ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមកាន់តែសកម្មនៅក្នុងវេទិកាពិភាក្សាគោលនយោបាយសកលនៅក្នុងព្រឹត្តិការណ៍អន្តរជាតិនានាផងដែរ។

ទាំងនេះគឺជាសមិទ្ធផលសំខាន់ៗពិបាកនឹងសម្រេចបាន ដែលអាចអនុញ្ញាតឱ្យប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ការរៀបចំសន្និសីទហ្វ្រង់កូហ្វូនលើកទី២៨ និងយកជាគំរូនៃការដឹកនាំការអនុវត្តនយោបាយរូបិយវត្ថុបាន ខណៈដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ដូចជា
ភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល វិបត្តិថាមពល និងការប្រែប្រួលអាកាសធាតុជាដើម។

លើសពីនេះ ព្រឹត្តិការណ៍នេះក៏ជួយលើកកម្ពស់កិត្តិនាមរបស់ប្រទេសកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជាលើឆាកអន្តរជាតិបានមួយកម្រិតទៀត។ សុន្ទរកថាគន្លឹះដែលលោកស្រីបានថ្លែងនៅក្នុងពិធីបើកសន្និសីទថ្នាក់ទេសាភិបាលហ្វ្រង់កូហ្វូនលើកទី២៨នេះ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការ របស់ធនាគារកណ្តាលអឺរ៉ុប ដែលមានមនុស្សជាច្រើនលាននាក់ ជាពិសេសមេដឹកនាំលើពិភពលោក
អ្នកនយោបាយ ពាណិជ្ជករ វិនិយោគិន និងអ្នកដឹកនាំស្ថាប័នអន្តរជាតិនានាចូលទស្សនា។ ការណ៍នេះនឹងជួយផ្សព្វផ្សាយកិត្តិនាម ឱ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់លោកស្រី លោកស្រី Christine Lagarde បានបង្ហាញអារម្មណ៍រីករាយ ដែលបានចូលរួមសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូនលើកទី២៨ នៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជានេះ ទោះបីជាលោកស្រីមានភាពមមាញឹកខ្លាំងក្នុងខែឧសភានេះយ៉ាងក៏ដោយ។

ជាក់ស្តែង លោកស្រីបានចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាការកណ្តាល និងរដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រទេស G7 នៅទីក្រុងប៉ារីស ប្រទេសបារាំង និងកិច្ចប្រជុំស្ថាប័ន Europgroup នៅទីក្រុង Nicocia ប្រទេសស៊ីបជាដើម។

លោកស្រីបានថ្លែងថា នេះគឺជាព្រឹត្តិការណ៍ដ៏មានតម្លៃ និងមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីអនុញ្ញាតឱ្យថ្នាក់ដឹកនាំធនាគារកណ្តាល នៃប្រទេសនិយាយភាសាបារាំងអាចពិភាក្សាគ្នាអំពីស្ថានភាព
ក៏ដូចជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនាពេលបច្ចុប្បន្នបាន។

លោកស្រីបានថ្លែងថា៖ «នៅក្នុងពិភពលោកមួយដែលកំពុងមានការបែកខ្ញែក និងមិនប្រាកដប្រជា កិច្ចសហការក្នុងចំណោមប្រទេសនិយាយភាសាបារាំង គឺជាក្របខ័ណ្ឌដ៏មានតម្លៃក្នុងការពង្រឹងជំនឿទុកចិត្ត លើគ្នាទៅវិញទៅមក។ តាមរយៈការចែករំលែកបទពិសោធ និងទស្សនាទាននៅក្នុងសន្និសីទ ធនាគារកណ្តាលអាចព្យាករពីបញ្ហាប្រឈមរួមពាក់ព័ន្ធនឹងសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ អាកាសធាតុ និងឌីជីថល ចំពោះការបំពេញបេសកកម្មរក្សាស្ថិរភាពថ្លៃ ឬភាពធន់នៃប្រព័ន្ធហិរញ្ញវត្ថុ»។

លោកស្រីក៏បានលើកសរសើរធនាគារជាតិនៃកម្ពុជា ដែលបានរៀបចំសន្និសីទថ្នាក់ទេសាភិបាលហ្វ្រង់កូហ្វូនលើកទី២៨ បានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។ លោកស្រីបានទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ (ស.ស.រ.) ដោយមានការអមដំណើរសំណាក់លោកស្រី ជា សិរី។
លោកស្រី ជា សិរី ដែលបានជាប់ក្នុងចំណាត់ថ្នាក់ខ្ពស់នៃប្រសិទ្ធភាព ក្នុងការដឹកនាំធនាគារកណ្តាលទន្ទឹមគ្នានឹងលោកស្រី Christine Lagarde ដែរនោះ បានចាត់ទុកវត្តមានរបស់លោកស្រី Christine Lagarde ជាឱកាសដ៏កម្រមួយសម្រាប់ព្រឹត្តិការណ៍អន្តរជាតិនេះ ក៏ដូចជាប្រជាជាតិកម្ពុជា ព្រមទាំងបានបង្ហាញពីអារម្មណ៍រំភើបជាខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏កម្ររបស់លោកស្រី Christine Lagarde នៅប្រទេសកម្ពុជា ក៏ដូចជាសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលហ្វ្រង់កូហ្វូនលើកទី២៨ ដែលធនាគារជាតិនៃកម្ពុជាបានរៀបចំនាពេលនេះ។ឮ

ថ្លែងទៅកាន់អង្គសន្និសីទ លោកស្រី ជា សិរី បានមានប្រសាសន៍ថា «បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នូវរបៀបដែលប្រជាពលរដ្ឋទទួលបានសេវាហិរញ្ញវត្ថុ ហើយនវានុវត្តន៍ទាំងនេះបាន និងកំពុងក្លាយជាមធ្យោបាយចម្បង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ។ ធនាគារកណ្តាលមិនមែនដើរតួនាទីទប់ស្កាត់នវានុវត្តន៍នោះទេ ប៉ុន្តែគឺដើម្បីធានាថានវានុវត្តន៍ទាំងនោះបម្រើដល់ប្រយោជន៍ប្រជាពលរដ្ឋ ជាជាងបង្កនូវភាពងាយរងគ្រោះ»៕