អ្នកភូមិអុង ខេត្តព្រះសីហនុ អរគុណមូលនិធិកំពង់ដេវ៉ា (KDF) ដែលផ្តល់អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ
02-06-2026 20:49
(ព្រះសីហនុ)៖ លោក ឱ ភន មេភូមិអុង បានសម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះមូលនិធិកំពង់ដេវ៉ា (KDF) និងកិច្ចសហការ ដែលក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានផ្តល់ជូនដល់សហគមន៍របស់លោក។
សេចក្តីថ្លែងអំណរគុណ បានធ្វើឡើងក្នុងឱកាស កំពង់ដេវ៉ា រីសត ប្រារព្ធពិធីបើកការដ្ឋានសាងសង់នូវគម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ ដែលជាមូលនិធិកំពង់ដេវ៉ា ផ្ដល់ជូន ភូមិអុង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។
នេះជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសហគមន៍។ គម្រោងនេះបានបង្ហាញពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងគាំទ្រសុខុមាលភាពរយៈពេលវែងរបស់ប្រជាជននៅក្នុងសហគមន៍។
ការអបអរសាទរនៃភាពជាដៃគូ និងការអភិវឌ្ឍសហគមន៍
ពិធីនេះ អញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំភូមិ ព្រះសង្ឃ តំណាងភាគីពាក់ព័ន្ធក្នុងតំបន់ ម្ចាស់ផ្ទះទាំងបួនទីតាំង ដៃគូម៉ៅការសាងសង់ និង ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារ កំពង់ដេវ៉ារីហ្សត នៅក្នុងជំនួបមួយដែលឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការ ការទទួលខុសត្រូវរួមគ្នា និងវឌ្ឍនភាពសហគមន៍។ ការរៀបចំព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ដោយក្រុមការងារកំពង់ដេវ៉ា សហការយ៉ាងជិតស្និទ្ធជាមួយតំណាងភូមិ ដើម្បីធានាឱ្យការរៀបចំទីតាំង និងសកម្មភាពពិធីការនានាប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ភ្ញៀវកិត្តិយសត្រូវបានទទួលស្វាគមន៍នៅក្នុងបរិវេណដែលបានរៀបចំយ៉ាងប្រណិត និងប្រកបដោយការយកចិត្តទុកដាក់ ដែលជាកន្លែងសម្រាប់ថ្ងៃដ៏មានអត្ថន័យមួយនៃការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងទស្សនវិស័យរួមគ្នាក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព។
កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដោយពិធីសូត្រមន្តដោយព្រះសង្ឃ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ តាមរយៈការសូត្រមន្ត បួងសួង ព្រះសង្ឃបានប្រសិទ្ធពរជ័យសិរីសួស្ដី ដល់គម្រោងសាងសង់អណ្ដូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះឲ្យប្រពឹត្តទៅដោយរលូន និងជោគជ័យ ក៏ដូចជាសហគមន៏ទាំងមូលប្រកបដោយ សុខុមាលភាព និងភាពរីកចម្រើន និងបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង កំពង់ដេវ៉ារីហ្សត និងប្រជាជននៅក្នុងភូមិអុង។ ពិធីនេះ បានឆ្លុះបញ្ចាំងពីក្តីសង្ឃឹម សាមគ្គីភាព និងការចាប់ផ្តើមជាវិជ្ជមានសម្រាប់គម្រោងមួយដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់នូវលទ្ធភាពទទួលបានទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអនាម័យប្រកបដោយគុណភាព សម្រាប់គ្រួសារទាំងអស់នៅក្នុងសហគមន៍ភូមិអុង។
បន្ទាប់ពីពិធីសូត្រមន្តបញ្ចប់ សមាជិកសហគមន៍ និងភ្ញៀវកិត្តិយសបានជួបជុំគ្នាទទួលទានអាហារសម្រន់ និងចូលរួមក្នុងបរិយាកាសនៃមិត្តភាព និងសាមគ្គីភាព ដែលបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរយោបល់ និងការសន្ទនាប្រកបដោយអត្ថន័យរវាងតំណាងភូមិ ម្ចាស់ដី អាជ្ញាធរមូលដ្ឋាន និងក្រុមការងារកំពង់ដេវ៉ា។
ការប្តេជ្ញាចិត្តចំពោះផលវិជ្ជមានប្រកបដោយនិរន្ដរភាព
កម្មវិធីជាផ្លូវការ បានចាប់ផ្តើមបើកដោយមតិស្វាគមន៍ពីលោក ឱ ភន មេភូមិអុង សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះមូនិធិ និងកិច្ចសហការដែលក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានផ្តល់ជូនដល់សហគមន៍របស់លោក។
តំណាងឱ្យអគ្គនាយកប្រតិបត្តិ លោក Paulus Hermawan, អ្នកស្រី Angioline Villanueva នាយកប្រតិបត្តិផ្នែកធនធានមនុស្ស (Chief Human Resources Officer) បានថ្លែងសារដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ កំពង់ដេវ៉ារីហ្សត ក្នុងការបង្កើតផលប៉ះពាល់ជាវិជ្ជមានប្រកបដោយនិរន្តរភាព និងមានអត្ថន័យតាមរយៈគំនិតផ្តួចផ្តើមនានាដែលផ្តោតលើសហគមន៍ជាចម្បង។
អ្នកស្រីក៏បានលើកឡើងអំពីគោលបំណង និងអត្ថប្រយោជន៍ដែលរំពឹងទុកពីគម្រោងសាងសង់ អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះ រួមទាំងការលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអនាម័យសមស្របសម្រាប់ប្រជាជនក្នុងមូលដ្ឋានភូមិអុងទាំងមូល។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានចែករំលែកអំពីផែនការអនុវត្តគម្រោង កាលវិភាគសាងសង់ និងគោលដៅបញ្ចប់ការងារសាងសង់នេះ។
អ្នកស្រី Villanueva ក៏បានថ្លែងអំណរគុណចំពោះការចូលរួមដ៏មានតម្លៃរបស់អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសហគមន៍ ម្ចាស់ផ្ទះទាំងបួនទីតាំង ដៃគូក្រុមហ៊ុនម៉ៅការសាងសង់ និងសមាជិកក្រុមការងារ កំពង់ដេវ៉ា ដែលបានសហការយ៉ាងជិតស្និទ្ធ និងខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យគម្រោងនេះកើតឡើងក្លាយជាការពិត។ ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះ គឺពិធីបញ្ចុះបឋមសិលាបើកការដ្ឋានជានិមិត្តរូប ដែលដឹកនាំដោយលោក Nuvianto Widyatmoko ប្រធានផ្នែកវិស្វកម្មសាជីវកម្ម រួមជាមួយតំណាងភូមិ ថ្នាក់ដឹកនាំក្រុមហ៊ុន ម្ចាស់ដី និងភាគីពាក់ព័ន្ធនៃគម្រោង។ អ្នកចូលរួមទាំងអស់បានចូលរួមក្នុងពិធីជីកកាយអណ្តូងជានិមិត្តរូប ដើម្បីប្រកាសជាផ្លូវការនូវការចាប់ផ្តើមការសាងសង់ និងការចាប់ផ្តើមគម្រោងដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់សហគមន៍។
រួមគ្នាកសាងអនាគតកាន់តែប្រសើរ តាមរយៈគម្រោងនានា ដូចជាគម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ មូលនិធិ កំពង់ដេវ៉ា បន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវចំពោះបរិស្ថាន និងការចូលរួមប្រកបដោយអត្ថន័យជាមួយសហគមន៍។ គម្រោងនេះឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុនថា ការរីកចម្រើនប្រកបដោយទំនួលខុសត្រូវ មិនត្រឹមតែសម្រេចបានតាមរយៈភាពជោគជ័យក្នុងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការវិនិយោគដែលជួយលើកកម្ពស់គុណភាពជីវិត និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕

