FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកណ្ដាល ចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ៤ម៉ឺនបណ្ណ ដល់ពលរដ្ឋនៅស្រុកកោះធំ

02-06-2026 20:46

(កណ្តាល)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៤២,០៤៦បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន ៥៨ភូមិ ស្ថិតនៅក្នុងឃុំចំនួន៦ នៃស្រុកកោះធំ រួមមាន៖ ឃុំលើកដែក ឃុំព្រែកថ្មី ឃុំពោធិ៍បាន ឃុំកោះធំ(ក) ឃុំកោះធំ(ខ) និងឃុំកំពុងកុង។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីលោក មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល។

ថ្លែងក្នុងពិធីនេះ លោក គួច ចំរើន បានកោតសរសើរមន្រ្តីជំនាញនៃការិយាល័យភូមិបាលស្រុកកោះធំ និងមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំ វាស់វែងចុះបញ្ជីដីរហូតបានសម្រេចការចែកបណ្ណកម្មសិទ្ធិបង្ហើយជូនប្រជាពលរដ្ឋនាពេលនេះ។ ជាមួយគ្នានេះ ដើម្បីធ្វើឱ្យសេវាដីធ្លីកាន់តែគៀកជិតប្រជាពលរដ្ឋ កុំឱ្យខាតពេលវេលារបស់ប្រជាពលរដ្ឋក្នុងការមកទទួលបណ្ណកម្មសិទ្ធិ។

លោក គួច ចំរើន ក៏បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយស្រុក ការិយាល័យប្រជាពលរដ្ឋស្រុក និងការិយាល័យភូមិបាលស្រុក ត្រូវបន្តខិតខំចាត់ចែងការងារនេះប្រកបដោយការទទួលខុសត្រូវ និងច្នៃប្រឌិត មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អ ដើម្បីប្រគល់បណ្ណកម្មសិទ្ធិទាំងអស់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

បន្ថែមពីលើនេះ អភិបាលខេត្តកណ្តាល ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវបំពេញភារកិច្ចជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋដ៏ល្អ ត្រូវតែស្មើភាពគ្នាក្នុងការទទួលបានបណ្ណ ដាច់ខាតកុំប៉ះពាល់ផលប្រយោជន៍ កុំដាក់លក្ខខណ្ឌដល់ប្រជាពលរដ្ឋក្នុងការទទួលបណ្ណកម្មសិទ្ធ ជាពិសេសមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធ្វើការបូកសរុបបណ្ណដែលនៅសេសសល់ក្នុងមន្ទីរ រួមជាមួយបណ្ណកម្មសិទ្ធិដែលនៅសេសសល់ចំនួន៣ ក្រុង-ស្រុកទៀត ដែលមិនទាន់ចុះហត្ថលេខា ត្រូវខិតខំធ្វើយ៉ាងណាចុះហត្ថលេខាបានរួចរាល់ទាន់ពេលវេលា សម្រាប់ចែជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់ការចែកបណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល។

ក្នុងពិធីនេះដែរ ពាក់ព័ន្ធនិងបញ្ហា Online Scmas អភិបាលខេត្តកណ្ដាល បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមសហការផ្តល់ព័ត៌មាន និងរាយការណ៍មកកាន់អាជ្ញាធរ និងសមត្ថកិច្ចករណីសង្ស័យមកសមត្ថកិច្ចឱ្យបានទាន់ពេលវេលា ហើយសមត្ថកិច្ច និងអាជ្ញាធរនឹងរក្សាការសម្ងាត់ជូន សំដៅធ្វើយ៉ាងណាបង្ក្រាបបទល្មើស Online Scmas នេះ ឱ្យអស់ទូទាំងខេត្តកណ្តាល។

ដោយឡែកចំពោះបញ្ហាអំពើហិង្សាក្នុងគ្រួសារ លោកអភិបាលខេត្តកណ្ដាល បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំជួយសម្របសម្រួល និងអប់រំណែនាំកុំឱ្យឈានដល់ការប្រើអំពើហិង្សា ពិសេសក្នុងករណីលែងលះបែកបាក់គ្រួសារ ត្រូវមានការប្រុងប្រយ័ត្នកុំឱ្យឈានដល់ការកាប់សម្លាប់គ្នា អាជ្ញាធរសូមជួយអប់រំឱ្យពួកគាត់យោគយល់អធ្យាស្រ័យគ្នា ត្រូវគ្នាវិញ ឬឱ្យពួកគាត់ចែកផ្លូវគ្នាដោយការស្ម័គ្រចិត្តរៀងៗខ្លួនដោយសន្តិវិធី។

ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋ និងយុវជនដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រសម្រាប់អ្នកដែលបានចុះឈ្មោះបោះឆ្នោតលើសពី១០ឆ្នាំ ចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងនេះផងដែរ៕