កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសស ១១៣នាក់ និងដកហូតសម្ភារៈមួយចំនួនពាក់ព័ន្ធបទល្មើស Online Scams
02-06-2026 19:53
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការរដ្ឋបាលចុះត្រួតពិនិត្យតាមទីតាំងមួយចំនួន នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញមនុស្សចំនួន ១១៣នាក់ និងដកហូតសម្ភារមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
យោងតាមរបាយការណ៍ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចៅសង្កាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៦ ស្ថិតក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្នុងនោះបិទសៀល ២ទីតាំង និងធ្វើរដ្ឋបាល៤ទីតាំង រកឃើញជនបរទេសចំនួន ១១៣នាក់ ស្រី២០នាក់ ៣សញ្ជាតិ (ចិន៦៧នាក់ស្រី២នាក់,ឥណ្ឌូនេស៊ី៤៥នាក់ស្រី១៨នាក់ និងមីយ៉ាន់ម៉ា ១នាក់ (ប្រុស) ដូចខាងក្រោម៖
*បិទសៀល២ទីតាំង ក្នុងនោះរួមមាន៖
ទីតាំងទី១ (ម្ចាស់ ហុង ចន្ទណា) ផ្ទះ១ល្វែង កម្ពស់២ជាន់ ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន៩នាក់ប្រុស ជាជនជាតិចិន និងរកឃើញសម្ភាៈសង្ស័យមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បញ្ជូនជនបរទេសទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ដស្វែងរកម្ចាស់ទីតាំង បិទទីតាំងជាបណ្ដោះអាសន្ន។
ទីតាំងទី២ (ម្ចាស់ឈ្មោះ សន ចន្ធី)ផ្ទះ១ល្វែង កម្ពស់៣ជាន់ផ្ទាល់ដី ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ១១នាក់ប្រុស ជាជនជាតិចិន និងរកឃើញសម្ភារៈសង្ស័យមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បញ្ជូនជនបរទេសទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បន្ដស្វែងរកម្ចាស់ទីតាំង បិទទីតាំងជាបណ្ដោះអាសន្ន។
ជាមួយគ្នានេះសមត្ថកិច្ចបានធ្វើរដ្ឋបាល៤ទីតាំង រួមមាន៖
*ទីតាំងទី១ (ម្ចាស់ តាន់ គឹមរិទ្ធ) ទីតាំងអាជីវកម្ម M KTV&HOTEL ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានកម្ពស់១១ជាន់ផ្ទាល់ដី មានបន្ទប់ស្នាក់នៅចំនួន ១៨បន្ទប់ បន្ទប់ខារ៉ាអូខេចំនួន ៣២បន្ទប់ មានឃ្លាំងដាក់សម្ភារៈខារ៉ាអូខេចំនួន១ សាលទំនេរចំនួន១ ពុំមានជនបរទេស ពុំមានសម្ភារៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា។
*ទីតាំងទី២ (ម្ចាស់ឈ្មោះ ស្រេង ម៉ារ៉េត) ផ្ទះវីឡាផ្ទាល់ដី មាន៣បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនបរទេសស្នាក់នៅចំនួន ២នាក់ប្រុស ជាជនជាតិចិន នាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា។
*ទីតាំងទី៣ (ម្ចាស់ ម៉ៅ សាមឿន) អគារកម្ពស់៤ជាន់ផ្ទាល់ដី នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ មានជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន ៤៦នាក់ស្រី២នាក់ ២សញ្ជាតិចិន ៤៥នាក់ ស្រី ២នាក់ និងមីយ៉ាន់១នាក់ (ប្រុស) បញ្ជូនជនជាតិចិនចំនួន ៣៤នាក់ (ប្រុស) ពុំមានលិខិតឆ្លងដែនជាប់ខ្លួននាំទៅសាកសួរនៅមណ្ឌលកងវ៉ាខេត្ត ទីតាំងពុំមានសម្ភាៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា។
*ទីតាំងទី៤ (ម្ចាស់ ចៅ ឃឿង) ផ្ទះ១ល្វែង កម្ពស់២ជាន់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៤៥នាក់ ស្រី១៨នាក់ ជាជនជាតិឥណ្ឌូនេស៊ី ទីតាំងពុំមានសម្ភារៈសង្ស័យ អប់រំ និងធ្វើកិច្ចសន្យា៕
































