ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ADB បើកសិក្ខាសាលាពង្រឹងសមត្ថភាពការងារ «អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន»
02-06-2026 18:37
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលាផ្ទៀងផ្ទាត់ស្តីពី «ការវិភាគតម្រូវការស្ថាប័ន និងការធ្វើអត្តសញ្ញាណកម្មគម្រោងសក្តានុពល ដើម្បីរៀបចំផែនការមេ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Masterplan)»។
សិក្ខាសាលាធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Yasmin Siddiqi នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១០ និងជំនាញការ ADB សរុបប្រមាណ ៨០រូប។
សិក្ខាសាលានេះ មានគោលបំណង៖ ១) ផ្ទៀងផ្ទាត់ និងពិភាក្សាលើចន្លោះប្រហោង និងបញ្ហាប្រឈម ដែលត្រូវបានរកឃើញ តាមរយៈការវិភាគតម្រូវការស្ថាប័ន, ២) កំណត់តម្រូវការគាំទ្រអាទិភាពសម្រាប់ជំរុញការរៀបចំ និងការអនុវត្តគម្រោង PPP និង៣) ពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការអភិវឌ្ឍគម្រោង PPP នៅកម្ពុជា។
ក្នុងអំឡុងសិក្ខាសាលានេះ តំណាងក្រសួងពាក់ព័ន្ធ បានចូលរួមធ្វើបទបង្ហាញអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធសក្តានុពល ដើម្បីអភិវឌ្ឍក្រោមក្របខណ្ឌ PPP ព្រមទាំងបញ្ហាប្រឈម និងកិច្ចការអាទិភាពដែលត្រូវការកិច្ចគាំទ្របន្ថែម។
កិច្ចពិភាក្សានេះ ក៏បានផ្តោតសំខាន់លើឧបសគ្គដែលរាំងស្ទះដល់ការរៀបចំអនុវត្តគម្រោង PPP ក៏ដូចជាការពង្រឹងយន្តការសម្របសម្រួលរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន ដើម្បីគាំទ្រដល់ការអភិវឌ្ឍគម្រោង PPP ប្រកបដោយប្រសិទ្ធភាព និងចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ធាតុចូល និងអនុសាសន៍ដែលទទួលបានពីសិក្ខាសាលានេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀបចំ PPP Masterplan ដែលនឹងដើរតួជាផែនទីបង្ហាញផ្លូវផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្តិការ សម្រាប់ពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ផ្គត់ផ្គង់សេវាសាធារណៈនៅកម្ពុជា តាមរយៈយន្តការ PPP ក្នុងរយៈពេលមធ្យម និងវែងខាងមុខ៕









































