បណ្ឌិត ជា មុនីឬទ្ធិ៖ ចិនបន្តជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្រៅកិច្ចប្រជុំ UN បង្ហាញពីចំណុចសំខាន់៣ ដើម្បីសន្តិភាពក្នុងតំបន់
02-06-2026 17:41
(ប៉េកាំង)៖ ការណ៍ដែល ចិនយកបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ ទៅបន្តសម្របសម្រួលដោះស្រាយ នៅក្រៅកិច្ចប្រជុំជាន់ខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឆ្លុះបញ្ជាក់ពីចំណុចសំខាន់ៗ ចំនួន៣ សម្រាប់ដំណើរការសន្តិភាព នៅក្នុងតំបន់។ នេះបើតាមការវាយតម្លៃរបស់បណ្ឌិត ជា មុនីឬទ្ធិ អ្នកតាមដានសង្គមនៅកម្ពុជា។
អំឡុងពេលធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំជាន់ខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពី "ការគាំពារកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងពង្រឹងប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល" កាលពីចុងខែឧសភា, លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នៅតែឆ្លៀតយកចិត្តទុកដាក់លើ តួនាទីជាអ្នកសម្របសម្រួលជម្លោះព្រំដែនកម្ពុជា និងថៃ ខណៈដែល ឯកឧត្តម បានជួបចរចាទាំងជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា និងសមភាគីថៃ ក្នុងគោលដៅសំខាន់ ចង់ឲ្យស្ថានភាពព្រំដែន វិលមករកសន្តិភាពឡើងវិញ។
លោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានប្រាប់ នៅថ្ងៃទី១ ខែមិថុនានេះ បង្ហាញការយល់ឃើញថា ការណ៍ដែលប្រទេសចិនបន្តប្រឹងប្រែងសម្របសម្រួល និងលើកទឹកចិត្តឱ្យមាន ការដោះស្រាយជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃ នៅក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ អាចឆ្លុះបញ្ចាំងនូវចំណុចសំខាន់ៗចំនួន៣ សម្រាប់ដំណើរការសន្តិភាពក្នុងតំបន់។
លោកថា សម្រាប់ចំណុចទី១, គឺជាតថភាព ដែលប្រទេសចិនតែងតែគាំទ្រគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី និងជំរុញឱ្យភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង។
សម្រាប់ចំណុចទី២, លោកបណ្ឌិតថា ជាសច្ចភាពដែលប្រទេសចិនមានទំនាក់ទំនងល្អជាមួយទាំងប្រទេសកម្ពុជា និង ទាំងប្រទេសថៃ។ ក្នុងន័យនេះ ប្រទេសចិនអាចដើរតួនាទីកាន់តែសកម្មធ្វើជា ស្ពានសម្រាប់ការផ្លាស់ប្តូរទស្សនៈ, ការកសាងទំនុកចិត្ត និងការស្វែងរកចំណុចរួម។
រីឯចំណុចទី៣ , លោកបណ្ឌិត ចាត់ទុកថា ជាអន្តរការីដ៏រស់រវើក និងទន់ភ្លន់ ដោយអនុវត្តស្របតាមគំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្ដួចផ្ដើមអភិបាលកិច្ចសកល ឆ្លើយតបនឹងសហគមន៍វាសនារួមនៃមនុស្សជាតិ ប្រទេសចិនលើកទឹកចិត្ត ឱ្យប្រទេសនានាដោះស្រាយវិវាទតាមរយៈការពិគ្រោះយោបល់ ការគោរពអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខ ស្របច្បាប់របស់ភាគីទាំងអស់។
«សម្រាប់ប្រទេសកម្ពុជា ការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជំរុញការសន្ទនា និងការបន្ធូរបន្ថយភាពតានតឹង ឆ្លុះបញ្ចាំងពីការគាំទ្រចំពោះសន្តិភាព ស្ថិរភាព និងការដោះស្រាយវិវាទដោយមធ្យោបាយការទូត និងច្បាប់អន្តរជាតិ។ ក្នុងផ្លូវឆ្ពោះទៅរកសន្តិភាព ប្រទេសចិនអាចដើរតួនាទីជាអ្នកសម្របសម្រួល អ្នកកសាងទំនុកចិត្ត និងជាដៃគូដែលជំរុញ ឱ្យភាគីពាក់ព័ន្ធរកដំណោះស្រាយ ប្រកបដោយការយោគយល់ និងផលប្រយោជន៍រួម»។ នេះបើតាមបញ្ញវន្តរូបនេះដដែល៕
វិទ្យុមិត្តភាពកម្ពុជាចិន


